(តាកែវ)៖ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ទឹត្យ ប៊ុនហេង ប្រធានគ្រប់គ្រងព័ត៌មានរាជធានី-ខេត្ត របស់ទូរទស្សន៍ហង្សមាស និងលោក ឈឿន បុត្រា អ្នកអត្ថាធិប្បាយ​ព័ត៌មានពេលព្រឹក រួមនិងសហការីម្នាក់ទៀត បានចូលមកបំភ្លឺទៅតាមការកោះហៅ របស់លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ឲ្យចូលបំភ្លឺតាមពាក្យបណ្ដឹងរបស់លោក សុខ ឡេះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គបុរី ដែលបានចោទប្រកាន់ថា ផ្សព្វផ្សាយព័ត៌មានមិនពិត។

ដីការកោះរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោក ច្រឹង ខ្មៅ ដែលមានសសេរប៊ិច​ក្រហមបញ្ជាក់ពីក្រោមថា «កោះជាលើក២» ផងនោះ បានអញ្ជើញលោកនាយក​ព័ត៌មានទូរទស្សន៍​ហង្សមាស ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរលើបណ្តឹងរបស់ លោក សុខ ឡេះ ដែលបានប្តឹងពីបទបរិហាកេរ្តិ៍ និងបទផ្សាយព័ត៌មានមិនពិត។

លោក មាស រិទ្ធី អគ្គនាយករង ទូរទស្សន៍ហង្សមាស បានថ្លែងប្រាប់ Fresh News ថា នៅពេលនេះ ម៉ោងប្រមាណ ២៖៥០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ទឹត្យ ប៊ុនហេង ប្រធានគ្រប់គ្រងព័ត៌មានរាជធានី-ខេត្ត របស់ទូរទស្សន៍ហង្សមាស កំពុងចូលបំភ្លឺនៅសាលាដំបូងខេត្តតាកែវ ជុំវិញផ្សាយព័ត៌មានរឿងនេសាទ កាលពី៥ខែមុន។

បណ្តឹងចោទប្រកាន់របស់លោក សុខ ឡេះ បានធ្វើឡើងបន្ទាប់ពីទូរទស្សន៍ហង្សមាស បានផ្សាយថា លោក សុខ ឡេះ បានកាងជនជាតិវៀតណាម ឲ្យចូលធ្វើសកម្មភាពនេសាទខុសច្បាប់ តាមព្រំដែនទឹកក្នុងខេត្តតាកែវ។

សូមបញ្ជាក់ថា កន្លងមកលោកព្រះរាជអាជ្ញាអមសាដំបូងខេត្តតាកែវ ក៏បានចេញដីការកោះហៅអ្នកកាសែត​រស្មីកម្ពុជា និង ទូរទស្សន៍អប្សរា​​ផងដែរ ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺពាក់​ព័ន្ធពាក្យបណ្ដឹង​បរិហារកេរ្តិ៍លោក សុខ ឡេះ ពាក់ព័ន្ធការចោទប្រកាន់ថា មេបញ្ជាការអាវុធហត្ថរូបនេះ កាងជនជាតិវៀតណាម ឲ្យចូលធ្វើនេសាទខុសច្បាប់​នៅលើផ្ទៃទឹកតាម​បណ្ដោយព្រំដែន​ទឹកខេត្តតាកែវ និងខេត្តអាង​យ៉ាង​ប្រទេសវៀតណាម ជាថ្នូរនិងប្រាក់​មួយចំនួនធំ៕