(ព្រះវិហារ)៖ ជនសង្ស័យចំនួន១៤នាក់ ដែលពាក់ព័ន្ធនិងករណីជួញដូរ ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ត្រូវបាននគរបាលខេត្តព្រះវិហារបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រីយ៍ ឆយ បូរិន ស្នងការរង និងជានាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃនេះថា ជនសង្ស័យចំនួន១៤នាក់ ដែលពាក់ព័ន្ធករណីជួញដូរ ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជារ និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនគរបាលក្រុងព្រះវិហារ និងកម្លាំងនគរបាលស្រុកគូលែន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនរយៈពេល២ថ្ងៃជាប់គ្នា ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ និងសម្ភារមួយចំនួនផងដែរ៕