(ភ្នំពេញ)៖ ក្នុងសង្គមមនុស្សបើនិយាយពីការញំាកាហ្វេ មិនថាជាតិសាសន៍ខ្មែរ ឬជាតិសាសន៍ណាទេតែងតែនិយមចូលចិត្ដទទួលទានកាហ្វេ ជាប្រចំាថ្ងៃដើម្បីកំដរផ្លូវអារម្មណ៍ជីវិត។ ទន្ទឹមនឹងនេះការញំាកាហ្វេហាក់បានឆ្លុះបញ្ចំាងពីទស្សន:ជីវិតមនុស្សផងដែរ។ តើការញំាកាហ្វេបានឆ្លុះបញ្ចំាងពីទស្សន:ជីវិតមនុស្សយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានបកស្រាយបំភ្លឺថាជាការពិតណាស់! ជាធម្មតាបើនិយាយពីការញំាកាហ្វេយើងម្នាក់ៗហាក់ចាត់ទុកថាការញំាកាហ្វេគឺគ្រាន់តែជាការពិសាភេសជ្ជះធម្មតាប៉ុណ្ណោះ ដើម្បីកំដរផ្លូវអារម្មណ៍ជីវិត ឬបំបាត់នូវការងងុយគេង ឬការណាត់ជួបពិភាក្សាគ្នាពីនេះពីនោះជាដើម។ ប៉ុន្ដែទន្ទឹមនឹងនេះបើយើងពិនិត្យឲ្យជ្រៅជាងនេះបន្ដិច ជីវិតមនុស្សយើងស្រដៀងគ្នានិងកាហ្វេនេះឯង។ បានន័យថាកាហ្វេពីដំបូងមានរសជាតិល្វីង ហើយវានឹងបញ្ចប់់ដោយរសជាតិផ្អែម។
លោក រត្ន័ សណ្ដាប់ បន្ដថាចំពោះរសជាតិល្វីងរបស់កាហ្វេបានធ្វើឲ្យកាហ្វេមានសម្រស់ មានស្នេហ៍មុខ។ មនុស្សគ្រប់គ្នាចាប់ចិត្ដជាប់អារម្មណ៍លើក្លិនឈ្ងុយពេលគេលីងគ្រាប់កាហ្វេ មុនយកទៅកិនឲ្យទៅជាម្សៅម៉ដ្ឋ។ ស្ថិតក្នុងន័យនេះ កាហ្វេបានឆ្លុះបញ្ចំាងពីទស្សន:ជីវិតមនុស្ស គឺមានរសជាតិល្វីងដូចកាហ្វេយ៉ាងដូច្នោះឯង។ ពីព្រោះរសជាតិល្វីងបង្ខំឲ្យមនុស្សចេះគិតដើម្បីយករសជាតិល្វីងនេះទៅផ្សំជាមួយរសជាតិផ្សេងៗទៀតរបស់ជីវិត។ កាហ្វេមានរសជាតិល្វីង ជីវិតមនុស្សក៏មានរសជាតិល្វីងដែរ។
លោក រត្ន័ សណ្ដាប់ បន្ដទៀតថាបើឈរលើទស្សន:វិជ្ជានៃរសជាតិល្វីងនេះទៀតសោត គឺការញំាកាហ្វេប្រៀបបានជាការជួយដាស់សតិអារម្មណ៍របស់មនុស្សកុំឲ្យភ្លេចស្មារតីថា «ថ្ងៃណាមួយរសជាតិល្វីងនិងបាត់បង់ទៅដោយសារគេផ្សំ និងរសជាតិផ្សេង»ទៀត។ រសជាតិល្វីងនៃជីវិតក៏អាចបាត់បង់ទៅដោយរសជាតិផ្សេងរបស់ជីវិតបានចូលមកបន្សាបដូចគ្នាដែរ។
ទន្ទឹមនឹងនេះដែរ រីឯពែងកាហ្វេវិញ គឺមិនទាក់ទងនិងរសជាតិរបស់កាហ្វេទេ។ ប៉ុន្ដែធម្មជាតិរបស់មនុស្សតែងតែចង់បានពែងកាហ្វេដែលមានតម្លៃខ្ពស់។ បើដូចនេះបើមនុស្សឲ្យតម្លៃលើតែពែងកាហ្វេហួសហេតុពេក គឺប្រាកដធ្វើឲ្យមនុស្សបាត់បង់សេចក្ដីសុខ ដែលបានមកពីរសជាតិរបស់កាហ្វេនៅក្នុងពែងនេះឯង។ ព្រោះមនុស្សដែលមានសេចក្ដីសុខមិនមែនជាមនុស្សដែលមានអ្វីៗគ្រប់យ៉ាងនោះទេ។ បានសេចក្ដីថាសេចក្ដីសុខនៅជាមួយមនុស្សដែលល្អបំផុតនោះ គឺអ្វីៗដែលមនុស្សអាចមានតែប៉ុណ្ណោះ។ រីឯពែងកាហ្វេមិនអាចប្ដូររសជាតិរបស់កាហ្វេក្នុងពែងបានទេ។
ជាសរុបកាហ្វេជាគូជីវិតរបស់មនុស្សមួយចំនួនធំពិសេសឥស្សរជនល្បីៗ ឬមនុស្សទទួលជោគជ័យភាគច្រើន គឺចូលចិត្ដទទួលទានកាហ្វេនេះឯង។ ការទទួលទានកាហ្វេនំាឲ្យមនុស្សចៀសផុតពីការដាច់សរសៃឈាមក្នុងខួរក្បាល២០% និងអាចចៀសផុតពីជំងឺបាត់ការចងចំាបាន។ ប៉ុន្ដែកុំទទួលទានក្នុងមួយថ្ងៃលើសពី៤កែវ។ បើដូច្នេះអ្វីជាការទទួលទានល្អបំផុតនោះ គឺមួយថ្ងៃ២កែវ បន្ទាប់មកត្រូវទទួលទានទឹកសុទ្ធ១កែវ ដើម្បីរក្សាតុល្យភាពទឹកក្នុងរាងកាយ ព្រោះកាហ្វេមានតួនាទីកាត់បន្ថយទឹក បន្ទាប់ពីការទទួលទានរយ:ពេល១ម៉ោងមក៕