(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្រ្តីបុគ្គលិកមន្ត្រី-បុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញមុខងារ និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ការថ្លែងកោតសសើររបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាស ជួបសំណេះសំណាល ជាមួយមន្ត្រី-បុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តព្រះសីហនុនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ពិធីនេះត្រូវបានប្រារព្ធឡើង ដើម្បី អបអរសាទរសមិទ្ធផលការងារដែលសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ សម្រេចបានកន្លងមក ដែលសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធធនាគារនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត និងបង្កបរិយាកាសឱ្យមន្ត្រី-បុគ្គលិក បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ។
លោកទេសាភិបាល បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្រ្តីបុគ្គលិកមន្ត្រី-បុគ្គលិក សាខាធនាគារជាតិនៃកម្ពុជាខេត្តព្រះសីហនុទាំងអស់ ដែលបានខិតខំបំពេញមុខងារ និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានកិច្ចសហការល្អជាមួយមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្ត។
ទន្ទឹមនេះលោកទេសាភិបាល ក៏បានផ្តាំឱ្យមន្ត្រី-បុគ្គលិកទាំងអស់ខិតខំប្រឹងប្រែងបំពេញការងាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និងក្រើនរំលឹកឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី-បុគ្គលិកទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕