(ភ្នំពេញ)៖ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺជាបណ្ដុំនៃបទបញ្ញត្តិព្រហ្មទណ្ឌមួយ ដែលក្នុងនោះខ្លឹមសារជារួមផ្ដោតទៅលើសញ្ញាណបទល្មើស ទោសដែលត្រូវផ្តន្ទាទោស ក៏ដូចជាវិធានព្រហ្មទណ្ឌមួយចំនួនទៀត។ គោលបំណងនៃការបង្កើតបទបញ្ញត្តិព្រហ្មទណ្ឌនេះ គឺដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណា បានប្រព្រឹត្តអំពើដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ក៏ដូចជាទប់ស្កាត់កុំឲ្យកើតមានការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ទៀត។
ក្នុងនោះដែរ មានបទបញ្ញត្តិពិសេសមួយ ដើរតួនាទីសំខាន់ផងដែរក្នុងការទប់ស្កាត់កុំឲ្យបទល្មើសព្រហ្មទណ្ឌកើតមានជាថ្មី គឺបទបញ្ញត្តិស្ដីពីការមិនរាងចាល ដែលមានន័យថាបុគ្គលម្នាក់បានផ្តន្តាទោសជាស្ថាពរលើបទល្មើសមួយ ហើយបុគ្គលនោះបានប្រព្រឹត្តបទល្មើសជាថ្មីទៀតនៅក្នុងកំឡុងពេលមួយ គឺចូលក្នុងលក្ខខណ្ឌនៃការមិនរាងចាល ដែលនឹងត្រូវបន្ថែមទម្ងន់ទោសចំពោះបទល្មើសថ្មីនោះ។
ដូចនេះដើម្បីលម្អិតឲ្យកាន់តែច្បាស់ថាតើ អ្វីទៅជាការមិនរាងចាល? ហើយបុគ្គលដែលប្រព្រឹត្តអំពើមិនរាងចាលនឹងត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌបែបណា?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «ការមិនរាងចាល» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖
បទបញ្ញត្តិស្ដីអំពីការមិនរាងចាលត្រូវបាន កំណត់ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ សញ្ញាណជារួមនៃការមិនរាងចាល សំដៅទៅលើស្ថានភាពដែលបុគ្គលម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋ ឬមជ្ឈិម និងត្រូវបានផ្តន្ទាទោសជាស្ថាពរ ហើយគាត់បានប្រព្រឹត្តបទឧក្រិដ្ឋ ឬមជ្ឈិមទៀត នៅក្នុងរយៈពេលមួយដែលក្រមព្រហ្មទណ្ឌបានកំណត់។
ពាក្យថាផ្តន្ទាទោសស្ថាពរត្រង់ចំណុចនេះ គឺទាល់តែសេចក្ដីសម្រេចផ្តន្ទាទោសនោះ មិនអាចមានផ្លូវតវ៉ាទៀត។ ចំពោះលក្ខខណ្ឌនៃការមិនរាងចាលត្រូវបានផ្ដោតសំខាន់ទៅលើចំណុច២ គឺទីមួយបទល្មើសដែលបានផ្តន្ទាទោសស្ថាពរ និងបទល្មើសដែលបានប្រព្រឹត្តថ្មី និងទីពីរ គឺរយៈពេលដែលបុគ្គលនោះបានប្រព្រឹត្តបទល្មើសថ្មី បន្ទាប់ពីបានផ្តន្ទាទោសស្ថាពរលើបទល្មើសទី១។
ពាក់ព័ន្ធនឹងចំណុចទាំងពីរខាងលើនេះ ត្រូវបានកំណត់ក្នុងក្រមព្រហ្មទណ្ឌដូចខាងក្រោម៖
១៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋ និងបានផ្តន្ទាទោសជាស្ថាពររួចហើយ បុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីមួយទៀតក្នុងរយៈពេល១០ (ដប់) ឆ្នាំបន្ទាប់។ ប្រសិនបើអតិបរមានៃទោសពន្ធនាគារនៃបទឧក្រិដ្ឋថ្មីមិនលើសពី ២០ (ម្ភៃ) ឆ្នាំទេ អតិបរមានេះត្រូវឡើងទ្វេរដង តែបើមានរយៈពេល ៣០ (សាមសិប) ឆ្នាំ អតិបរមានៃទោសគឺ ដាក់ពន្ធនាគារអស់មួយជីវិត។
២៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទឧក្រិដ្ឋ និងបានផ្តន្ទាទោសជាស្ថាពររួចហើយ បុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមថ្មីមួយទៀតក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំបន្ទាប់។ ចំពោះករណីនេះអតិបរមានៃទោសពន្ធនាគារ ចំពោះបទមជ្ឈិមត្រូវកើនឡើងទ្វេដង។
៣៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទមជ្ឈិម និងបានផ្តន្ទាទោសជាស្ថាពររួចហើយ ដែលត្រូវជាប់ពន្ធនាគារស្មើ ឬលើសពី ៣ (បី) ឆ្នាំ ហើយបុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីមួយទៀតក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំបន្ទាប់។ ប្រសិនបើអតិបរមានៃទោសពន្ធនាគារនៃបទឧក្រិដ្ឋថ្មីមិនលើសពី ២០ (ម្ភៃ) ឆ្នាំទេ អតិបរមានេះត្រូវឡើងទ្វេរដង តែបើមានរយៈពេល ៣០ (សាមសិប) ឆ្នាំ អតិបរមានៃទោសគឺ ដាក់ពន្ធនាគារអស់មួយជិវិត។
៤៖ ករណីដែលបុគ្គលម្នាក់បានប្រព្រឹត្តបទមជ្ឈិម និងបានផ្តន្ទាទោសជាស្ថាពររួចហើយ បុគ្គលនេះបានប្រព្រឹត្តបទមជ្ឈិមថ្មីមួយទៀតក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំបន្ទាប់។ ចំពោះករណីនេះ អតិបរមានៃទោសពន្ធនាគារចំពោះបទមជ្ឈិមត្រូវកើនឡើងទ្វេដង។
គួរបញ្ជាក់ផងដែរថា ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់អំពីលក្ខខណ្ឌទាំងពីរខាងលើ (ទីមួយបទល្មើសដែលបានផ្តន្ទាទោសស្ថាពរ និងទីពីរ គឺរយៈពេលដែលបុគ្គលនោះបានប្រព្រឹត្តបទល្មើសថ្មី បន្ទាប់ពីបានផ្តន្ទាទោសស្ថាពរលើបទល្មើសទី១) ក្នុងការកំណត់ឲ្យបានថាជាអំពើមិនរាងចាល គេបានបង្កើតឲ្យមានបញ្ជីថ្កោលទោស ដែលជាប្រភពព័ត៌មានដ៏សំខាន់ក្នុងការបង្ហាញអំពីសញ្ញាណអំពីបទល្មើសដែលត្រូវផ្ទន្ទាទោស ក៏ដូចជារយៈពេលផ្តន្ទាទោស ជាដើម។ ការណ៍នេះធ្វើឲ្យតុលាការមានភាពងាយស្រួលក្នុងការកំណត់អំពីសញ្ញាណនៃបទល្មើសនីមួយៗ ថាតើជាលក្ខខណ្ឌនៃការមិនរាងចាល ឬក៏អត់។
សរុបមក ការមិនរាងចាលជាវិធានព្រហ្មទណ្ឌមួយដ៏សំខាន់ សម្រាប់ទប់ស្កាត់កុំឲ្យបទល្មើសព្រហ្មទណ្ឌកើតមានជាថ្មី តាមរយៈការបន្ថែមទម្ងន់ទោសទៅលើបទល្មើសថ្មី ប្រសិនបើការប្រព្រឹត្តនោះចូលក្នុងលក្ខខណ្ឌនៃការមិនរាងចាល។ ចំណុចនេះគឺជាការគោលការណ៍ដ៏សំខាន់ដើម្បីកាត់បន្ថយបទល្មើស ក៏ដូចជាក្រើនរំលឹកដល់បុគ្គលគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។ ម៉្យាងវិញទៀតចំពោះបុគ្គលដែលបានផ្តន្ទាទោសពីតុលាការរួចមកហើយ ជឿជាក់ថាលក្ខខណ្ឌនៃការមិនរាងចាលអាចធ្វើឲ្យបុគ្គលនោះ ហាក់មានការខ្លាចរអា ក៏ដូចជាមានការប្រយ័ត្ន មិនឲ្យមានបទល្មើសថ្មីកើតឡើងទៀតឡើយ។
រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសប៊ុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕