Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សខ្មែរតែមួយ នឹងតែងតាំង លោក កែម រិទ្ធិសិត ជាប្រធានកិត្តិយស និងបន្តរក្សាតួនាទីនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោយលាលែងពីតំណែងប្រធានបក្ស

19-12-2020 20:18

(ភ្នំពេញ)៖ បន្ទាប់ពីបានលាលែងពីតំណែងប្រធានគណបក្សខ្មែរតែមួយ លោក កែម រិទ្ធិសិត ប្អូនប្រុសរបស់ លោក កែម ឡី នឹងត្រូវបានគណបក្សនេះតែងតាំងជា ប្រធានកិត្តិយស និងរក្សាតំណែងរបស់លោក នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដដែល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សខ្មែរតែមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

នៅក្នុងសេចក្តីប្រកាសនៅថ្ងៃនេះ គណបក្សខ្មែរតែមួយ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សខ្មែរតែមួយនឹងតែងតាំង លោក កែម រិទ្ធិសិត ជាប្រធានកិត្តិយសគណបក្ស និងបន្តរក្សាតំណាងតួនាទីក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាប្រធានប្រតិភូគណបក្សខ្មែរតែមួយដដែល»។

សូមបញ្ជាក់ថា ប្រធានគណបក្សខ្មែរតែមួយលោក កែម រិទ្ធិសិត បានប្រកាសលាលែងពីតំណែងប្រធានគណបក្សនេះ ដោយផ្ទេរសិទ្ធិអំណាចទាំងស្រុងទៅឲ្យ លោក គុជ លី ដែលជាអនុប្រធានប្រចាំការគណបក្ស ទៅជាប្រធានស្តីទីគណបក្សខ្មែរតែមួយ។

មូលហេតុនៃការលាលែងនេះ ត្រូវបានលោក កែម រិទ្ធិសិត អះអាងថា «ដើម្បីប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស»។

គណបក្សខ្មែរតែមួយ ត្រូវបានបង្កើតឡើង កាលពីខែមីនា ឆ្នាំ២០១៨ ដោយ លោក កែម រិទ្ធិសិត និងអ្នកនយោបាយមួយក្រុម ដែលក្នុងនោះមាន លោក គុជ លី ផងដែរ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ កន្លងទៅ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សខ្មែរតែមួយ៖