Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជធានីភ្នំពេញ បន្តជួសជុល និងអ៊ុតកៅស៊ូ ផ្លូវគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងផ្លូវប៉ាស្ទ័រ ដែលខូចខាតដោយទឹកភ្លៀង

19-12-2020 16:31

(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានចុះពិនិត្យសកម្មភាព អ៊ុតកៅស៊ូបេទីមីណ័រលើ កំណាត់ផ្លូវលេខ៧៤ស្របគល់ស្ពានជ្រោយចង្វារត្រើយខាងលិច និងសកម្មភាពជួសជុល ធ្វើគ្រឹះខាងក្រោម ដើម្បីឈានទៅដល់ការអ៊ុតកៅស៊ូ នៅផ្លូវប៉ាស្ទ័រ ក្រោយពីផ្លូវនេះ ទទួលរងការខូចខាតដោយសារទឹកភ្លៀង។

លោក សាំ ពិសិដ្ឋ និងលោក សុខ ពេញវុធ ក៏ដូចប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង ដែលបានផ្តល់កញ្ចប់ថវិកាផ្ទាល់ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការងារជួសជុលផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលដល់ការធ្វើចរាចរ របស់ប្រជាពលរដ្ឋ ព្រមទាំងសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរចំពោះការរំខាន ដោយមានការបិទផ្លូវ ឬបិទទីតាំងបណ្តោះអាសន្ននៅពេលការរដ្ឋានដំណើរការ។

ក្រោយរដូវភ្លៀង ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ លោកបន្តថា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំផ្លាល់ពីលោក ឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ នឹងត្រូវបានជួសជុលកែលម្អឡើងវិញ ធ្វើឲ្យប្រជាពលរដ្ឋ បានងាយស្រួលក្នុងការធ្វើដំណើរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញការជួសជុលផ្លូវ និងពង្រីកផ្លូវដំណាលគ្នាតែម្តង ជាក់ស្តែងក្នុងខណ្ឌដូនពេញ មានផ្លូវលេខ ៧៤,ផ្លូវលេខ៧២,៧៦, រង្វង់មូលកួចកាណុង និងកំណាត់ផ្លូវប៉ាស្ទ័រ ចាប់ពីផ្លូវ លេខ១១៤ (ផ្លូវក្រមួនស) ដល់ផ្លូវព្រះសីហនុប្រវែង១៨០០ម៉ែត្រ ទទឹង៨ម៉ែត្រកន្លះ នឹងត្រូវធ្វើការជួសជុលកែលម្អ ដោយធ្វើគ្រឹះជាថ្មី និងពង្រីកបន្ថែមនៅកន្លែងខ្លះផងដែរ៕