(កំពង់ចាម)៖ សាលាដំបូងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ ជាភាគីអ្នកទារ ភាស៊ី និងម្នាក់ទៀតជាភាគីអ្នកលក់សំបុត្ររថយន្ត ដែលបានបង្ករហឹង្សារដាក់គ្នាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនសង្ស័យដែលសាលាដំបូងសម្រេចឃុំខ្លួននោះ ម្នាក់ឈ្មោះ ឆេង សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់. ក្រុងកំពង់ចាម ជាភាគីខាងអ្នកទារភាស៊ី ចំណែកម្នាក់ទៀត ឈ្មោះ កេត សីហា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ជាភាគីអ្នកលក់សំបុត្ររថយន្តក្រុង។
តាមមន្ត្រីសាលាដំបូងខេត្តកំពង់ចាម បានឲ្យដឹងថា នៅវេលាម៉ោង ៨៖៥៥នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានរថយន្តក្រុង ១គ្រឿង របស់ក្រុមហ៊ុន ជីអេសធី ដឹកអ្នកដំណើរមកឈប់នៅបេនផ្សារព្រៃទទឹង បន្ទាប់មករថយន្តក្រុងនោះ ក៏ចេញទៅដោយពុំបាន បង់លុយភាស៊ីឲ្យឈ្មោះ ឆេងសំណាងជាអ្នកទារភាស៊ីទេ ទើបឈ្មោះ ឆេង សំណាង បានជិះម៉ូតូម៉ាកណាយហតដេញតាមដល់ចំណុច មុខផ្ទះឈ្មោះ អៀងថៃ ស្ថិតក្នុងភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ រថយន្តក្រុងក៏ឈប់រួច ឈ្មោះ ឆេង សំណាង ក៏ប្រាប់ឲ្យបើករថយន្ត បង់ភាស៊ី ភ្លាមនោះ ស្រាប់តែ ជនសង្ស័យ៣នាក់បងប្អូបបង្កើត ១ឈ្មោះ កេត សីហា .២ឈ្មោះ កេត បញ្ញា និងឈ្មោះ កេត នារី ជិះរថយន្តម៉ាក ណាវ៉ារ៉ា ទៅដល់ក៍សួរនាំឈ្មោះ ឆេង សំណាង ពីរឿងទារភាស៊ីពីរថយន្តក្រុង ហើយបានបញ្ជាឲ្យរថយន្តក្រុងនោះ ចេញទៅដោយពុំឲ្យបង់ភាស៊ីទេ។
ពេលនោះជនសង្ស័យឈ្មោះ ឆេង សំណាង និងជនសង្ស័យទាំង៣នាក់បងប្អូន ក៏មានទំនាស់ពាក្យសំដី គ្នារហូតដល់មានការវាយ
ប្រតាយប្រតប់គ្នា ទៅវិញទៅមក ដោយពេលនោះ ឈ្មោះ ឆេង សំណាង បានរត់ទៅយកកូនកាំបិតពីម៉ូតូចំណែក ជនសង្ស័យឈ្មោះ កេត សីហា ប្រដាប់ដោយបន្ទះក្តា រួមជាមួយបងប្អូន វាយចាក់គ្នាទៅវិញទៅមកបណ្តាលឲ្យជនសង្ស័យឈ្មោះ កេត សីហា របួសក្រោមដោះខាងឆ្វេង ដោយផ្លែកាំបិត និងឈ្មោះ កេត បញ្ញារ ងរបួសក្បាល ដោយការគប់និងដងកាំបិត ចំណែកជនសង្ស័យឈ្មោះ ឆេង សំណាង រងរបួសដៃ និងក្បាល ដោយបន្ទះឈើ និងដោយដៃ។ហើយករណីខាងលើនោះ ក្រោយកើតហេតុសមត្ថកិច្ចនគរបាល មូលដ្ឋានបានហៅជនសង្ស័យទាំង៤នាក់ ទៅធ្វើការបំភ្លឺ និងបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនមកសាលាដំបូង។
មន្ត្រីសាលាដំបូងខេត្ត បានឲ្យដឹងទៀតថា ក្នុងករណីហឹង្សារខាងលើ ជនសង្ស័យចំនួន២នាក់ត្រូវបានឃុំខ្លួន ក្នុងបទល្មើសហឹង្សា ដោយចេតនា មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕