(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងថា លោកនឹងខិតខំធ្វើឲ្យអ្នកសារព័ត៌មាន ស្ថិតនៅក្នុងចំណោម អ្នកដែលមានអាទិភាព ក្នុងការទទួលបានការចាក់វ៉ាក់ សាំងបង្ការជំងឺឆ្លងកូវីដ១៩, ប៉ុន្តែលោកថា ទទួលបានឬមិនបានយ៉ាងណានោះ លោកមិនហ៊ានសន្យានៅឡើយ នោះទេ ព្រោះវ៉ាក់សាំង ដែលទទួលបាននៅក្នុងដំណាក់កាលដំបូងនេះ មានចំនួន១លានដូសប៉ុណ្ណោះ ដែលអាចប្រើបានលើមនុស្សតែ៥០ម៉ឺននាក់ប៉ុណ្ណោះ។
ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញ ក្នុងពិធីបិទវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ ស្តីពី «តួនាទីសារព័ត៌មាន ក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។
ការឆ្លើយតបរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពី សមាគមអ្នកសារព័ត៌មានមួយចំនួន បានចាត់ទុកថា អ្នកសារព័ត៌មាន ជាអ្នកប្រឈមខ្លាំង ទៅនឹងជំងឺកូវីដ១៩ ហើយចង់ឲ្យទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងចំណោមអ្នកអាទិភាពនោះ។
ព្រមជាមួយគ្នានោះដែរ, ស្ថិតក្នុងបរិបទនេះ លោករដ្ឋមន្ត្រីព័ត៌មាន ក៏បានណែនាំ ឲ្យអ្នកសារព័ត៌មានទាំងអស់ មានការប្រយ័ត្នប្រយែង នៅក្នុងការយកព័ត៌មាន ដោយត្រូវរក្សាអនាម័យ រក្សាគន្លាតសង្គម ហើយបើមានការបារម្ភ អាចធ្វើការពីផ្ទះ។
លោកក៏បានណែនាំឲ្យអ្នកសារព័ត៌មាន ត្រូវខិតខំធ្វើការយកព័ត៌មាន សម្រួលព័ត៌មាន និងបញ្ចេញព័ត៌មានទៅវិញ ឲ្យបានកាន់តែល្អជាងមុន តាមរយៈការមានប្រភពច្បាស់លាស់ ការវិភាគច្បាស់លាស់ និងជូនដំណឹងទាន់ពេលវេលា។
ពាក់ព័ន្ធនឹងការប្រឆាំងព័ត៌មានក្លែងក្លាយវិញ, លោករដ្ឋមន្ត្រី បានថ្លែងថា មកទល់ពេលនេះ អ្នកសារព័ត៌មាន មានវិជ្ជាជីវៈបានផ្សាយ បង្សាបព័ត៌មានក្លែងក្លាយបានល្អ និងទាន់ពេលវេលា។ ប៉ុន្តែក្នុងនេះ គឺការយឺតយ៉ាវវិញ ក៏មិនអាចបន្ទោស អ្នកសារព័ត៌មានបានដែរ សំខាន់នោះ គឺអាជ្ញាធរដែលមានសមត្ថកិច្ច ដែលត្រូវឆ្លើយ ឲ្យបានទាន់ពេលវេលា ទើបអ្នកសារព័ត៌មាន បញ្ចេញផ្សាយព័ត៌មាន បានទាន់ពេលវេលាដែរ៕