(កណ្ដាល)៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារបងប្រុសបង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ជនរងគ្រោះដែលជាបងប្រុសបង្កើតរបស់ខ្មាន់កាំភ្លើងឈ្មោះ ឆាយ សៀមមី អាយុជាង៤៣ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅភូមិកាហេ ឃុំកាហេ ស្រុកកងមាស ខេត្តកំពង់ចាម។ ខណៈជនដៃដល់ឈ្មោះ ឆាយ សាលាភ អាយុ៣៦ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយតែងតែឈ្មោះគ្នាជាមួយប្រពន្ធ រកស៊ីលក់ផលិតផលតាមអនឡាញ។ លុះមកដល់រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យបានឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន ពេលនោះជនរងគ្រោះបានចូលទៅជួយសម្របសម្រួល ឲ្យឈប់ឈ្លោះគ្នា តែពេលនោះជនសង្ស័យបែជាខឹងថា ជនរងគ្រោះចេះដឹងរឿងប្តីប្រពន្ធរបស់គេចង់បំបែកបាក់ ប្តីប្រពន្ធគេ។
លុះមកដល់វេលាម៉ោង០៤ទៀប ភ្លឺនាថ្ងៃកើតហេតុខាងលើជនសង្ស័យ បានតេទូរស័ព្ទហៅជនរងគ្រោះពីខេត្តកំពង់ចាម ឲ្យឡើងមកជួបនៅផ្ទះរបស់ខ្លួន នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីនិយាយគ្នាបន្តិច។ ពេលនោះជនរងគ្រោះ បានជិះម៉ូតូឡើងមកជួបជនសង្ស័យតាមការណាត់ តែនៅពេលមកដល់មិនទាន់បាននិយាយអ្វីផង ក៏ត្រូវជនសង្ស័យដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ជនរងគ្រោះត្រូវចំក្រោមក្លៀក ខាងស្តាំធ្លាយគ្រាប់ទៅក្រោយ មានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ។
ពេលនោះ ជនសង្ស័យបានរកបាញ់ឪពុកក្មេក តែមិនផ្ទុះ និងប្រតាយប្រតប់គ្នា ជ្រុះកាំភ្លើងត្រូវឪពុកក្មេកយកបាន ទើបជនសង្ស័យគេចរួចឡើងជិះម៉ូតូ Scoopy
ពណ៌ក្រហម ជិះឡើងមកតាខ្មៅ គេចខ្លួនសំដៅមកភ្នំពេញ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញ អាវុធខ្លី១ដើមម៉ាក Lock 98 លេខ៖ 00080409236 បង់០១ គ្រាប់ចំនួន១០ របស់ជនសង្ស័យដែលមានប្រភពមិនច្បាស់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់៕