(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ និង ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ លោក ស ថាវី នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ រួមជាមួយមន្ត្រីរាជការ អ្នកស្ម័គ្រចិត្តកាកបាទក្រហម ព្រមទាំងអជ្ញាធរមូលដ្ឋាន បាននាំអំណោយ សង្គ្រោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ២០០គ្រួសារនៅឃុំក្រសាំង ស្រុកចុងកាល់។
នៅក្នុងឱកាសចែកអំណោយនេះ លោក ស ថាវី ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
លោក ស ថាវី បានបន្តទៀតថា អំណោយដែលចែកជូនពេលនោះ ទោះបីតិចតួច តែវាអាចដោះស្រាយការខ្វះខាតរបស់ប្រជាពលរដ្ឋ បានមួយគ្រាៗ។ លើសពីនេះ ក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុក្ខដាក់គិតគូរបស់កាកបាទក្រហមកម្ពុជា អជ្ញាធរដែនដី ចំពោះ ប្រជាពលរដ្ឋផងដែរ។
លោក ស ថាវី បានគូសបញ្ជាក់ទៀតថា អំណោយរបស់កាកបាទក្រហមកម្ពុជា គឺជាអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការយោបាយ ឲ្យតែប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ គឺត្រូវបានយកចិត្តទុកដាក់ពីសំណាក់អជ្ញាធរ ក៏ដូចជាអង្កការក្រៅរដ្ឋាភិបាលនានា ពិសេសគឺកាកបាទក្រហមកម្ពុជាតែម្តង ដែលដើរឈានមុខគេលើបញ្ហានេះ។
លោក ក៏បានសំណូមពរទៅអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព និង ជាពិសេសត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អ បំបាត់ចោរលួច ចោរប្លន់ ក្មេងទំនើង និងគ្រឿងញៀន។ អំណោយដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ ត្រីខ១យួរថវិកា ២០ ០០០រៀល៕