(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ជួបសំណេះសំណាល បងប្អូនប្រជាពលរដ្ឋជាអាជីវករនៅផ្សារដើមអំពិល ហៅផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ក្រោយបើកឲ្យដំណើរការវិញ បន្ទាប់ពីការផ្អាកដោយសង្ស័យថាមានការពាក់ព័ន្ធដោយប្រយោលនឹង «ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា» នៅស្រុកកណ្តាលស្ទឹង។
ក្នុងដំណើរជួបសំណេះសំណាលកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកអភិបាលខេត្តកណ្ដាល និងក្រុមការងារក៏បានបន្តដំណើរសួរសុខទុក្ខ យាយជី តាជី និងព្រះសង្ឃ ធ្វើចត្តាឡីស័កនៅវត្តវិហារត្រាញ់ ដែលត្រូវបានផ្អាកធ្វើអាជីវកម្ម និងផ្អាកការចេញចូលជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោយពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងនាំយកអ្នកពាក់ព័ន្ធទៅធ្វើតេស្ត ព្រមទាំងធ្វើចត្តាឡីស័កយ៉ាងត្រឹមត្រូវ លើអ្នកជាប់ពាក់ព័ន្ធពីក្រុមគ្រូពេទ្យជំនាញ និងដោយមានការខិតខំប្រឹងប្រែង ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ ដែលសង្ស័យជាប់ពាក់ព័ន្ធ ទទួលបានលទ្ធផលធ្វើតេស្តុអវិជ្ជមានផងដែរ។
លោកអភិបាលខេត្តបន្តទៀតថា បន្ទាប់ពីទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឲ្យរដ្ឋបាលខេត្តកណ្តាល បើកដំណើរការផ្សារដើមអំពិល ហៅផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ តែត្រូវអនុវត្តវិធានអនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនេះដែរ លោក គង់ សោភ័ណ្ឌ បានជូនថវិកាដល់យាយជី តាជីចំនួន៣៩នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល និងប្រគេនព្រះគ្រូចៅអធិការវត្តវិហារត្រាញ់ចំនួន ២០ម៉ឺនរៀលផងដែរ៕