(កំពង់ឆ្នាំង)៖ ស្រាស ស្រាថ្នាំ និងមេស្រាជាង ៥០០ប៊ីដុង ត្រូវបានកម្ទេចចោល បន្ទាប់ពីមានករណីអ្នកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពុលស្រាសស្លាប់ យ៉ាងហោចណាស់ ៨នាក់ និងរងគ្រោះជាង ១០០នាក់។ ការកម្ទេចស្រាស ស្រាថ្នាំ និងមេស្រាជាង៥០០ប៊ីដុង បានធ្វើឡើងនៅជិតទីតាំងពន្ធនាគារថ្មី ស្ថិតក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ពិតជាគួរឲ្យអាម៉ាស់ផងដែរ ខណៈដែលប្រទេសជាតិកំពុងមានការព្រួយបារម្ភលើវិបត្តិជំងឺកូវីដ១៩ កំពុងឆ្លងចូលសហគមន៍២៨វិច្ឆិកា។ ដោយឡែក នៅក្នុងខេត្តកំពង់ឆ្នាំង បែរជាមានប្រជាពលរដ្ឋនាំគ្នាហូបស្រាស ស្រាថ្នាំពុលជាង ១០០នាក់ និងមានអ្នកពុលស្លាប់រហូតដល់ ៨នាក់ទៀតផង។
លោកបានបន្តទៀតថា ករណីពុលស្រាខាងលើនេះ គឺជាចំណែកទទួលខុសត្រូវមួយរបស់ អាជ្ញាធរភូមិ ឃុំ និងអភិបាលស្រុកផងដែរ ដែលមិនបានគិតគូរពីសុខមាលភាព របស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោកក៏បានសំណូមពរអាជ្ញាធរ និងមន្ត្រីជំនាញកាំកុងត្រូល មន្ទីរពាណិជ្ជកម្មត្រូវគិតគូរឡើងវិញ អំពីចំណីអាហារ មិនផ្តោតតែលើស្រានោះទេ ដែលមានដាក់លក់នៅលើទីផ្សារ ក៏ដូចជានៅក្នុងមូលដ្ឋានទីជនបទផងដែរ ដើម្បីកុំឲ្យកើតមានហេតុការណ៍ដូចរឿងខាងលើនេះកើតឡើងជាបន្តទៀត។
«ការផលិតស្រា ការបិទស្រា ការលាយស្រាលក់ គ្មានបច្ចេកទេស គ្មានច្បាប់ទម្លាប់ ត្រូវតែផ្អាកមួយរយៈសិន ព្រោះថាបើតាមផ្លូវច្បាប់ការដាក់លក់ស្រាត្រូវបិទផ្លាកយីហោទទួលខុសត្រូវ ឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យចរាចរលក់ដូរបាន»។ នេះជាការបញ្ជាក់របស់ លោក ឈួរ ច័ន្ទឌឿន។
នៅក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ អ្នកពុលស្រាសរុបមានចំនួន ១៣១នាក់ ក្នុងនោះបង្កឲ្យស្លាប់មានចំនួន ៨នាក់។ នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចុះប្រតិបត្តិការ ស្រាវជ្រាវឃាត់ខ្លួនអ្នកបិទស្រា និងលាយស្រា មានជាតិមេតាណុលខ្ពស់ចំនួន ៩នាក់ ក្នុងនោះ ៥នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ដោយអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង សមត្ថកិច្ច និងមន្ត្រីជំនាញបានចុះប្រតិបត្តិការ ដោយមានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបិទកន្លែងផលិតស្រាចំនួន ៥១៥កន្លែង រីឯកន្លែងលក់ស្រា មានចំនួន ១១១៥កន្លែង ដកហូតស្រាបាន ៣,៨៩៥លីត្រ និង ៥១៥ប៊ីដុង។ ក្នុងនោះដែរ ក៏មានមេស្រាចំនួន ៧៥លីត្រ មេតំបែរ ១កញ្ចប់ និងមេស្រាកាច់ចំនួន ០,៥លីត្រ ដែលសមត្ថកិច្ចបានដឹកយកមកកម្ទេចចោល។
គួរបញ្ជាក់ដែរថា នៅក្នុងការកម្ទេចស្រា និងមេស្រាពុលទាំងអស់ខាងលើនេះ សមត្ថកិច្ចនិងក្រុមការងារបានចាក់ស្រាចោលនៅលើដី ហើយបានប្រើប្រាស់រថយន្តបាញ់ទឹកបន្សាបស្រាទាំងនោះចោល៕