(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកទឹកចិត្ត និងជំរុញដល់ពលរដ្ឋ ពេលមានក្តីកង្វល់ ឬមានបញ្ហាជម្លោះដីធ្លី ឬបញ្ហាប្រឈមនានា សូមទំនាក់ទំនងមករដ្ឋបាលខេត្ត ឬរូបលោកផ្ទាល់ ដើម្បីជួយអន្តរាគមន៍ សម្របសម្រួលដោះស្រាយបន្ទាន់។
លោកថ្លែងបែបនេះ ខណៈដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនមួយចំនួនក្នុងឃុំចំនួន២ តេជោអភិវឌ្ឍន៍ និងឃុំត្រពាំងភ្លាំង ក្នុងស្រុកឈូក ខេត្តកំពត នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
លោក ជាវ តាយ ក៏បានលើកឡើងទៀតថា រាល់ដំណោះស្រាយ ដែលប្រជាពលរដ្ឋ ជួបបញ្ហាប្រឈម និងការលំបាក គឺអាជ្ញាធរខេត្ត ជាអ្នកសម្របសម្រួល និងសម្រេច។ ដូច្នេះសូមប្រជាពលរដ្ឋ កុំចំណាយពេលវេលាឬថវិកា ដើម្បីទៅស្វែងរកអន្តរាគមន៍ ពីថ្នាក់ដឹកនាំខាងលើឡើយ។
អភិបាលខេត្តកំពត បានបន្ថែមថា «បើទោះជាបងប្អូនប្រជាពលរដ្ឋទៅដល់រកថ្នាក់ដឹកនាំខាងលើ ជួយអន្តរាគមន៍ ក៏គង់តែបញ្ហាទាំងនោះ ត្រូវបង្វិលមកឱ្យរដ្ឋបាលខេត្ត ដោះស្រាយជាដដែល ព្រោះសម្តេចតេជោបានផ្តល់អនុសាសន៍ណែនាំរួចយូរហើយថា ក្តីកង្វល់ ឬបញ្ហាជម្លោះដីធ្លីនៅកន្លែងណា រដ្ឋបាលនៅកន្លែងនោះជាអ្នកដោះស្រាយ»។
ក្នុងនាមរដ្ឋបាលខេត្តទាំងមូល លោក ជាវ តាយ បានបង្ហាញក្តីរីករាយទទួលស្វាគមន៍ និងរង់ចាំជួយដោះស្រាយរាល់បញ្ហា និងក្តីកង្វល់ ជូនប្រជាពលរដ្ឋ ដោយមិនលំអៀង និងមានតម្លាភាពជានិច្ច។
ជាក់ស្ដែង បន្ទាប់ពីបានស្តាប់ការលើកឡើងនូវបញ្ហា និងសំណូមពររបស់តំណាងប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន សូ ងួន, ក្រុមហ៊ុនឥណ្ឌា និងក្រុមហ៊ុន ហ្វឺស បាយ អូ-តិច រួចមក គឺលោកអភិបាលខេត្ត ទទួលយកសំណូមពរទាំងអស់ ដែលបានលើកឡើងនាពេលនោះ និងបង្កើតក្រុមការងារចុះពិនិត្យដីស្រែ ចំការ ដែលប្រជាពលរដ្ឋកំពុងកាន់កាប់អាស្រ័យផលជាក់ស្តែង ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល ធ្វើការកាត់ជ្វៀលចុះបញ្ជីជូនពលរដ្ឋ៕