(ភ្នំពេញ)៖ នៅថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានរៀបចំសន្និសីទស្រាវជ្រាវ ប្រចាំឆ្នាំថ្នាក់តំបន់លើកទី៤ ស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន ដោយមានការចូលរួមពីវាគ្មិន ដែលធ្វើការស្រាវជ្រាវលើបច្ចេកវិទ្យា ភាសាមកពីប្រទេសបារាំង ជប៉ុន ភូមា និងកម្ពុជា។
គោលបំណងចម្បងៗ នៃការៀបចំសន្និសីទនេះរួមមាន ការជំរុញឲ្យមានការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភាសាខ្មែរកាន់តែច្រើន, ការភ្ជាប់ទំនាក់ទំនង រវាងអ្នកស្រាវជ្រាវក្នុងស្រុក និងអ្នកស្រាវជ្រាវអន្តរជាតិ, ការបង្ហាញពីការរកឃើញ និងបច្ចេកវិទ្យាថ្មីៗ ទាក់ទងនឹងការប្រើប្រាស់ភាសាក្នុងប្រព័ន្ធកុំព្យូទ័រ ជាពិសេសភាសាដែលមានលក្ខណៈស្មុគស្មាញ (Complex Script) និងមានការប្រើប្រាស់តិចតួចក្នុងប្រព័ន្ធ កុំព្យូទ័រដូចជាភាសាខ្មែរ ឡាវ និងភូមាជាដើម។
សនិ្នសីទនេះ ក៏មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និស្សិត និងតំណាងអ្នកស្រាវជ្រាវមកពី២០សកលវិទ្យាល័យរដ្ឋ និងគ្រឹះស្ថានស្រាវជ្រាវនៅកម្ពុជា តាមរយៈ Zoom និង Facebook សរុបប្រមាណ២០០នាក់។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ បានលើកឡើងថា ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យើងបានរៀបចំសិក្ខាសាលាស្រាវជ្រាវ ថ្នាក់តំបន់ទាក់ទងនឹងបច្ចេកវិទ្យាភាសានេះ ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។
លោកបណ្ឌិត បានថ្លែងថា «ខ្ញុំគិតថា ការរៀបចំសិក្ខាសាលានេះ បានផ្ដល់ឱកាសដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ភ្ជាប់ទំនាក់ទំនងជាមួយអ្នកស្រាវជ្រាវអន្តរជាតិ ក៏ដូចអាចឲ្យគាត់បង្ហាញ និងបោះពុម្ពស្នាដៃស្រាវជ្រាវរបស់ខ្លួន លើប្រធានបទទាក់ទងនឹងវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ជំរុញដល់ការប្រើប្រាស់ភាសាខ្មែរ ក្នុងប្រព័ន្ធកុំព្យូទ័រ»។
លោកបណ្ឌិត សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថានជាតិ NIPTICT ទទួលបន្ទុកផ្នែកស្រាវជ្រាវ បានលើកឡើងថា ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិ NIPTICT បានគាំទ្រយ៉ាងខ្លាំង ក្នុងការរៀបចំសិក្ខាសាលាខាងលើនេះ ជាពិសេសចំពោះគំនិតផ្តួចផ្តើមនានា លើការស្រាវជ្រាវ និងអភិវឌ្ឍន៍លើបច្ចេកវិទ្យាភាសាខ្មែរ ក៏ដូចជាបច្ចេកវិទ្យាឌីជីថល ផ្សេងៗទៀត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍធនធានស្រាវជ្រាវ និងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ដែលជាធនធានចាំបាច់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នៅក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤៕