(កំពង់ឆ្នាំង)៖ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានប្រកាសឱ្យបងប្អូនអាជីវករចាស់ៗ នៅក្នុងផ្សារឆ្នុកទ្រូទាំងអស់ ចូលទៅលក់ដុរក្នុងផ្សារនេះ ព្រោះក្រុមហ៊ុនបានធ្វើរួចរាល់ហើយ។ លោកបន្តថា ចំពោះបងប្អូនដែលពុំមានលទ្ធភាពជួលតូបលក់ដូរ អាចចូលមកចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុន ដើម្បីមានឱកាសបានតូបលក់ដូរក្នុងផ្សារផងដែរ។
តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក សាំង គឹមស៊ន បានឲ្យដឹងបន្តថា អាជីវករទាំងអស់ ត្រូវតែចូលលក់ក្នុងទីតាំងផ្សារថ្មី ដែលបានធ្វើហើយ ដោយមិនអនុញ្ញាតឱ្យលក់ដូរអនាធិបតេយ្យនៅលើផ្លូវសាធារណៈ ឬលក់ក្រៅទីតាំងផ្សារថ្មីនោះឡើយ។ ចំពោះអ្នកលក់ដូរដែលមានតែ១កញ្ច្រែង ឬ១ល្អីនោះ ក្រុមហ៊ុនបានរៀបចំកន្លែងឲ្យលក់ដូររួចហើយ គឺមិនយកថ្លៃឈ្នួលប្រចាំថ្ងៃ ឬប្រចាំខែនោះឡើយ ចំណែកដីជុំវិញទីតាំងផ្សារថ្មី គឺទុកឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ កសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាសួនច្បារ និងផ្លូវចេញចូលផ្សារជាដើម។
លោកមេឃុំបានបញ្ជាក់ឲ្យដឹងថា កន្លងមកក្នុងឆ្នាំនេះ អាជ្ញាធរឃុំបានទទួលដីអនុប្រយោគពីរដ្ឋចំនួន ១៥ហិកតា ដើម្បីធ្វើការអភិវឌ្ឍក្នុងឃុំ។ ក្នុងនោះ ដីចំនួន៦ហិកតា ត្រូវបានកសាងធ្វើជាផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូ ចំណែកដី៩ហិកតាទៀត គឺធ្វើជាទីតាំងកំពង់ផែ ក្នុងនោះដែរកំពង់ផែបានបែងចែកជា ៣ប្រភេទគឺ កំពង់ផែទេសចរណ៍ កំពង់ផែលក់កសិផល និងលក់កំពង់ផែត្រី។
ទាក់ទងនឹងការជួលតូបក្នុងផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូ លោក លឹម សុង តំណាងឲ្យក្រុមហ៊ុនវិនិយោគទុន បានបញ្ជាក់ឲ្យដឹងថា ផ្សារសមុទ្រទឹកសាបនេះ មានទីតាំងសម្រាប់ជួលតូបលក់ដូរចំនួន ២២០កន្លែង។ តម្លៃឈ្នួលតូបត្រូវតម្កល់ទុកទឹកប្រាក់ ១,៥០០ដុល្លារ ក្នុង១តូប សម្រាប់រយៈពេល ៣ឆ្នាំ។ ចំណែកថ្លៃជួលតូបប្រចាំខែ គឺក្នុងមួយខែ ៣៥ដុល្លារ គិតមកដល់ថ្ងៃនេះ មានអាជីវករចុះឈ្មោះជួលតូប ៨០ភាគរយហើយ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថា ទឹកប្រាក់ដែលតម្កល់ ទុកចំនួន ១,៥០០ដុល្លារ ក្នុង១តូបនោះ មិនមែនជាប្រាក់ថ្លៃទិញតូប ឬជាថ្លៃឈ្នួលតូបនោះទេ គឺជាប្រាក់តម្កល់សម្រាប់ធានាឲ្យការលក់ដូររយៈពេល ៣ឆ្នាំ។ ដោយក្នុងរយៈពេល ៣ឆ្នាំនេះ បើអាជីវករណាមិនចង់លក់ដូរបន្ត ចង់ចាកចេញវិញនោះ ក្រុមហ៊ុននឹងបើកប្រាក់ចំនួន ១,៥០០ដុល្លារនេះវិញ។ ប៉ុន្តែប្រាក់តម្កល់នេះ ក៏ទុកកាត់កងនៅពេលអាជីវករណា ដែលមិនព្រមបង់ថ្លៃឈ្នួលតូបប្រចាំខែជូនក្រុមហ៊ុនផងដែរ។
លោកបន្តថា ចំពោះអាជីវករដែលពុំមានលទ្ធភាពបង់ប្រាក់តំកល់ជួលតូបវិញនោះ អាចចូលមកចុះឈ្មោះ ចរចាផ្ទាល់ជាមួយក្រុមហ៊ុន។ នៅពេលក្រុមហ៊ុនស្រាវជ្រាវទៅឃើញថា ពិតជាគ្មានលទ្ធភាពមែននោះ ក្រុមហ៊ុននឹងជួយដោះស្រាយផ្តល់តូបជូន ឲ្យបានលក់ដូរដោយសុទ្ធចិត្ត៕