(កោះកុង)៖ ផ្សារថ្មីមួយដែលទើបតែសាង់សង់រួចរាល់ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឲ្យអាជីវកលក់ដូរ និងប្រើប្រាស់ជាផ្លូវការ ចាប់ពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ មន្ត្រីរាជការ និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ។
លោក ឈេង សុវណ្ណដា បានថ្លែងថា ការសាងសង់ផ្សារថ្មីនេះឡើង ដោយមើលឃើញភាពរញ៉េរញ៉ៃ និងប៉ះពាល់ដល់បរិស្ថាន បាត់បង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង-ខេត្ត ដែលបងប្អូនលក់ដូរនៅតាមចិញ្ចើមផ្លូវថ្នល់ ដែលអាចបង្កហានិភ័យខ្ពស់ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចណ៍ដល់អាយុជីវិត។
លោកបានបន្ថែមថា ការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការផ្សារថ្មីនេះ អាជ្ញាធររៀបចំដោយសុក្រិត្យ ដោយស្រង់ឈ្មោះអាជីវករលក់ដូរទាំងប៉ុន្មាន ហើយធ្វើការចាប់ឆ្នោតដើម្បីទទួលបានលេខរៀង។ ការចាប់ឆ្នោតនោះមានចំនួន ១៥១តូប។
លោកស្រី មិថុនា ភូថង បានសម្តែងសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះបងប្អូន ដែលបានមកលក់ដូរនៅទីតាំងថ្មី មិនមានបញ្ហាប្រឈមដូចនៅទីតាំងចាស់ស្របតាមបណ្តោយផ្លូវជាតិនោះទេ ហើយណាមួយទីតាំងចាស់ វាអាចធ្វើឲ្យបាត់សោភ័ណ្ឌភាព បាត់បរិយាកាសបរិស្ថាន និងមានការរិៈគន់ពីភ្លៀវជាតិ អន្តរជាតិផងដែរ។
លោកស្រីអភិបាលខេត្ត បានសំណូមពរថា នៅពេលបងប្អូនបានទីតាំងថ្មីលក់ដូរហើយ សូមចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ក្នុងខេត្តកោះកុង ឲ្យមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមានកំណើនខ្ពស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕