(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានទទួលជួបតំណាងមូលនិធិរូបិយវត្ថុអន្តរចាតិ (IMF) ដើម្បីពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធលើការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងជំនួបនេះលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាល ជាពិសេសពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការបន្តអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលជាបន្តបន្ទាប់ និងបានសម្រេចអនុម័តលើការបន្តឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅជំហានទី៣ ពីឆ្នាំ២០២១ ដល់ ២០២៥ តទៅទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺការបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយសម្រាប់កម្ពុជា ដែលធានាបាននូវគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈរបស់ស្ថាប័នរដ្ឋប្រកបដោយគុណភាព។
នៅក្នុងកិច្ចប្រជុំនេះតំណាងរបស់ IMF មានលោក Holger van Eden ប្រធានការិយាល័យ IMF ប្រចាំតំបន់នៅទីក្រុងបាងកក និងលោក Kris Kauffmann ទីប្រឹក្សា IMF ជួយគាំទ្រដល់គម្រោង FMIS រួមជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាង IMF ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ជាពិសេសថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន៖ ការអនុវត្តគម្រោង FMIS ជំហានទី២ បានដោយជោគជ័យតាមផែនការ, ការពង្រឹងការប្រើប្រាស់មាតិកាថវិកាទាំង៧, ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច, ការពង្រឹងការអនុវត្តថវិកាកម្មវិធី, ការផ្ទេរសិទ្ធិអំណាចជូនអង្គភាពថវិកា និង អង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។
តំណាង IMF បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃគម្រោង FMIS ដែលប្រទេសនានានៅលើសាកលលោកបានកំពុងអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ដើម្បីកសាងជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងគុណភាព នៃការផ្ដល់សេវាសាធារណៈតាមរយៈការអនុវត្តថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងការរៀបចំកែសម្រួលច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ តំណាង IMF បានផ្ដល់អនុសាសន៍យ៉ាងមុតមាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបញ្ចូលខ្លឹមសារនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅក្នុងច្បាប់នេះ ដូចបណ្ដាប្រទេសជឿនលឿននានា ដើម្បីទទួលបាននូវក្របខណ្ឌគតិយុត្តិមួយច្បាស់លាស់សម្រាប់ការប្រើប្រាស់ប្រព័ន្ធនេះ ក្នុងការអនុវត្តថវិកា និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
ជាមួយគ្នានេះតំណាង IMF បានកោតសរសើរដល់ការខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំរបស់ អគ្គនាយកដ្ឋានពាក់ព័ន្ធ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាពិសេសលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលក្រៅពីបានអនុវត្តបានដោយជោគជ័យតាមផែនការសកម្មភាពគម្រោងហើយ ថែមទាំងបានខិតខំជួយសម្របសម្រួលដល់ដំណើរបេសកកម្មរបស់ IMF ឱ្យប្រព្រឹត្តទៅបានដោយរលូនទៀត។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានថ្លែងអំណរគុណចំពោះ IMF ក្នុងបេសកកម្មលើការងារវាយតម្លៃ និងជួយគាំទ្រផ្ទាល់ដល់គម្រោង FMIS លើកទី១០ នេះ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ទោះបីជាមានបញ្ហាកូវីដ១៩ ក៏ដោយ និងបានបញ្ជាក់បន្ថែមពីគោលជំហររបស់ក្រសួងក្នុងការបន្តអនុវត្តគម្រោងជំហានទី៣ ឱ្យបានទទួលជោគជ័យដូចជំហានទី២នេះ ដែលរួមមាន៖ ការបន្តពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនៅតាមអង្គភាពថវិកាផ្ទេរសិទ្ធិពេញលេញ និងនៅតាមរដ្ឋបាល និង អង្គភាពថ្នាក់ក្រោមជាតិ, ការពង្រឹងគុណភាពប្រព័ន្ធ FMIS ជាពិសេសការបង្កើតទិន្នន័យសម្រាប់ងាយស្រួលក្នុងការតាមដាន និង ការវិភាគការអនុវត្តថវិកា និង ហិរញ្ញវត្ថុ, ការពង្រីកការដាក់ឱ្យប្រើប្រាស់មុខងារប្រព័ន្ធថ្មីៗ រួមមាន៖ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញ-លេញ, ការបន្តអនុវត្តការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិចឱ្យបានគ្រប់ជ្រុងជ្រោយ, ការបន្តកែសម្រួលនីតិវិធីអនុវត្តការងារដោយឱ្យមកប្រើប្រាស់តាមប្រព័ន្ធទាំងស្រុងដោយគ្មានការអនុវត្តជាក្រដាសស្នាមខាងក្រៅប្រព័ន្ធ FMIS, ការប្រើប្រាស់ប្រព័ន្ធ FMIS សម្រាប់ជួយដល់ការគ្រប់គ្រងសាច់ប្រាក់, ការឈានឱ្យដល់ការប្រើប្រាស់ប្រព័ន្ធសម្រាប់គ្រប់គ្រងថវិកាជំនួយពីដៃគូអភិវឌ្ឍន៍, ការបន្តធ្វើសន្ធានកម្មជាមួយប្រព័ន្ធនានាពាក់ព័ន្ធនឹងកិច្ចការហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័ន និង ដៃគូឯកជននានា និង ការកសាងសមត្ថភាពមន្ត្រីរាជការនៅក្នុងក្របខណ្ឌគ្រប់គ្រងការផ្លាស់ប្ដូរដែលធានាបាននូវស្ថិរភាព និង នីរន្តរភាព។
ក្នុងជំនួបនេះលោកបណ្ឌិតសភាចារ្យបានស្នើសុំ IMF បន្តកិច្ចសហការគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅជំហានជាបន្តបន្ទាប់ ជាពិសេសគឺការគ្រប់គ្រងការផ្លាស់ប្ដូរ និង ការចែករំលែកបទពិសោធន៍ជាឧត្តមានុវត្តន៍នៃដំណើរការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕