(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការជំរុញការធ្វើ សមាហរណកម្មជនពិការទៅក្នុងសង្គម ដោយមិនឲ្យជនពិការរស់នៅឯកោឃ្លាតឆ្ងាយពីសង្គម នោះឡើយ ជាពិសេសបានព្យាយាមជំរុញលើកកម្ពស់ ជីវភាពរបស់ពួកគេឲ្យបានកាន់តែល្អប្រសើរ។
លោក វង សូត ដែលមានតួនាទីជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាផងដែរនោះ លើកឡើងដូច្នេះនៅក្នុង មហាសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាទីស្តីការក្រសួង។
លោក វង សូត បានថ្លែងថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា គឺជាចលនាកីឡា ដែលបម្រើឱ្យជនពិការដោយផ្តោត សំខាន់ទៅលើ ការហ្វឹកហាត់ និង ការប្រកួតកីឡាជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឲ្យបងប្អូនជនពិការ បានចូលរួមសកម្មភាពកីឡា ទាំងកាយសម្បទា បញ្ញាសម្បទា និង សីលធម៌ ព្រមទាំងលើកទឹកចិត្តឲ្យចូលរួមចែករំលែកបទពិសោធន៍ រវាងកីឡាករ កីឡាការិនី ដទៃទៀត នៅក្នុងសហគមន៍ រួមទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិផងដែរ។
លោករដ្ឋមន្រ្តីបន្តថា កីឡាពុំត្រឹមនាំមកនូវសុខភាព និងធ្វើឲ្យកាយសម្បទារឹងមាំប៉ុណ្ណោះទេ តែកីឡាអាចផ្តល់សាមគ្គីភាព យ៉ាងទូលំទូលាយ ជាមួយមនុស្សទូទៅ មិនថាពូជសាសន៍ណាក៏ដោយ ពិសេសផ្តល់ក្តីសង្ឃឹមសម្រាប់ជីវិតរស់នៅដែលបងប្អូនជនពិការ អាចយល់ថា ជនពិការ ក៏អាចមានលទ្ធភាពដូចជនដទៃទៀតដែរ។
ពាក់ព័ន្ធពិការភាពនេះ លោក វង សូត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើសមាហរណកម្ម ជនពិការទៅក្នុងសង្គម ដោយមិនឲ្យពួកគេរស់នៅដាច់ដោយឡែក ឬឃ្លាតឆ្ងាយពីសង្គមនោះឡើយ។ លោកបានថ្លែងយ៉ាងដូច្នេះ « រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជម្រុញការធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គម ដោយបង្កឱកាសឲ្យបងប្អូនជនពិការ កាន់តែទទួលបានតម្រូងការចាំបាច់នានាដូចជាមនុស្សទូទៅដែរ។ ជាពិសេសធានាការគោរពសិទ្ធិជាមូលដ្ឋានរបស់បងប្អូនពិការ ដូចជាសិទ្ធិរស់រានមានជីវិត សិទ្ធទទួលបានការអប់រំ សិទ្ធិធ្វើការងារ និងសិទ្ធិចេញចូលតាមទីសាធារណៈនានា។ល។ គឺផ្តល់ឱកាសឲ្យបងប្អូនពិការបានចូលរួមពេញលេញ និងស្មើភាពនៅក្នុងសង្គម សំដៅកសាងសង្គមមួយសម្រាប់ទាំងអស់គ្នា សង្គមមួយគ្មានឧបសគ្គ គ្មានការរើសអើង សង្គមមួយដែលផ្អែកលើសិទ្ធិមនុស្សជាមូលដ្ឋាន»។
លោក វង សូត បានថ្លែងឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ ឆ្នាំ២០១៥ កីឡាករ កីឡាការិនី ពិការសតិបញ្ញា ជ័យលាភីកម្ពុជា បានចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ជាលក្ខណៈអន្តរជាតិ ចំនួន ០៥លើក ទទួលបានមេដាយសរុបចំនួន ២៥ គ្រឿង ហើយទទួលបានរង្វាន់ជ័យលាភី និងគ្រឿងឥស្សរិយយសពី សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនោះរួមមាន ៖ មេដាយមាស ចំនួន ០៣ គ្រឿង, ប្រាក់ ចំនួន ១៨ គ្រឿង និងសំរិទ្ធ ចំនួន ០៤ គ្រឿង។
ប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជាក់ថា សម្រាប់ជនពិការសតិបញ្ញា ក៏ដូចជាជនពិការកាយសម្បទា ដទៃទៀត ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ជាក់ស្តែងថ្មីៗនេះ អនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភីជនពិការ ក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយបានដាក់ចេញ ឲ្យប្រើប្រាស់ ដើម្បីលើកទឹកចិត្តដល់ជ័យលាភីជាជនពិការគ្រប់រូប៕