(សៀមរាប)៖ ការអនុវត្តគម្រោង «LANGAU-សិតថ្វាយព្រះមហាក្សត្រ» បាននាំឱ្យក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរាប្រទះឃើញសំណល់បុរាណតូចៗជាច្រើន ព្រមទាំងរកឃើញកន្លែងផលិតទង់ដែងជាច្រើនកន្លែងនៅជ្រុងពាយព្យក្រុងអង្គរធំ សម្រាប់ផ្គត់ផ្គង់ផលិតផលទង់ដែងនៅក្នុងស្រុកនាសម័យបុរាណ និងនាំចេញទៅកាន់ប្រទេសជិតខាង។
ការអនុវត្តគម្រោង «LANGAU-សិតថ្វាយព្រះមហាក្សត្រ» នេះ បានចាប់ផ្ដើមនៅឆ្នាំ២០១៦ ដែលជាការសិក្សាអំពីលោហកម្មបុរាណនៃរោងជាងសំរឹទ្ធក្នុងព្រះបរមរាជវាំងក្រុងអង្គរធំ កាលពីអំឡុងសតវត្សរ៍ទី១១ ដល់សតវត្សរ៍ទី១២ ដើម្បីកំណត់ពីប្រភពនៃការផ្គត់ផ្គង់ធាតុទង់ដែងទាំងនៅក្នុងស្រុកខ្មែរនាសម័យបុរាណ និងនាំចេញទៅកាន់ប្រទេសជិតខាងផង។
កំណាយស្រាវជ្រាវនេះក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) ថែមទាំងមានការចូលរួមពីក្រុមស្រាវជ្រាវ អ្នកជំនាញផ្នែកបុរាណវិទ្យាអ្នកជំនាញផ្នែកលោហកម្មបុរាណអ្នកជំនាញផ្នែកភូគព្ភបុរាណ អ្នកជំនាញផ្នែកកុលាលភាជន៍ អ្នកជំនាញផ្នែករូបវិទ្យា និងអ្នកជំនាញផ្នែកជួសជុលលោហៈអន្តរជាតិផង ។
សកម្មភាពកំណាយនៅលើទីតាំងដែលធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះ បានប្រទះឃើញសំណល់ជាច្រើន រួមមាន៖ ឡចំហេះធ្យូងថ្មចំនួន ២០ កន្លែង ឡសិតលោហៈ និងរោងជាងដំលោហៈ ជញ្ជាំងឡ បណ្តុំឈ្នុល ឈ្នុល ជើងកាល់ ជើងទម្រ និងចង្ក្រានសិតលោហៈជាដើម។ តាមការពិនិត្យរុករកផ្នែកភូគព្ភគីមីនៅផ្ទៃដីប្រមាណ ៧,៥០០ ម៉ែត្រក្រឡា ឱ្យដឹងថាការបំពុលដីដោយលោហៈធ្ងន់ ក៏អាចជួយឱ្យក្រុមអ្នកជំនាញដឹងពីវិសាលភាពនៃទីតាំងរបស់ព្រះរាជរោងសិតលោហៈ និងផលប៉ះពាល់បរិវេណក្បែរនោះដែរ។
ទិន្នន័យនៃការវិភាគថ្មីៗ និងលទ្ធផលនៃការសិក្សាបច្ចេកទេសវិទ្យាផ្សេងទៀត ជាពិសេសបដិមាអំពីលោហៈ បង្ហាញពីភាពចម្រុះនៃលក្ខណៈបច្ចេកទេសរបស់ជាងស្មិតនៅក្នុងព្រះបរមរាជវាំងសម័យបុរាណ អាចឱ្យអ្នកស្រាវជ្រាវសម័យថ្មី យល់ដឹងអំពីរបៀបរស់នៅនិងការរៀបចំនៃរោងសិប្បកម្មលោហៈទាំងមូល នៅក្នុងរដ្ឋការខ្មែរនាសម័យអង្គរបាន។
ដើម្បីត្រួតពិនិត្យការងារខាងលើនេះ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងសហការី បានចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវខាងលើនេះ៕