(ឧត្តរមានជ័យ)៖ ដំរីឈ្មោះ «ខាវ៉ាន់» ដែលជាដំរីដ៏ឯកោបំផុតនៅលើលោក ទីបំផុតលែងឯកោទៀត ហើយក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថាន ឱ្យមករស់នៅក្នុងដែនជម្រកសត្វព្រៃនៃប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០មក ក្រោមការយកចិត្តគិតគូរថែទាំពីសំណាក់ក្រសួងបរិស្ថាន និងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS)។
«រហូតមកទល់នឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ដំរីខាវ៉ាន់ បានផ្តើមជីវិតថ្មី និងក្តីសង្ឃឹមថ្មីរបស់ខ្លួន នៅក្នុងជម្រកថ្មីដែលប្រទេសកម្ពុជា បានផ្តល់ជូនរយៈពេល១៨ថ្ងៃហើយ ហើយដំរីខាវ៉ាន់ក៏បានបន្សាំខ្លួនបានយ៉ាងល្អនឹងបរិស្ថានថ្មីហើយជាងនេះ គឺការធ្វើទំនាក់ទំនងជាប្រចាំជាមួយដំរីញីទាំង ៣ក្បាល»។ នេះជាលើកឡើងរបស់ លោក នេត្រ ភក្ត្រា បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសបំពេញទស្សនកិច្ច ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ ដំរីខាវ៉ាន់ ជាដំរីឈ្មោល មានអាយុ៣៥ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឱ្យដំរីខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយទទួលស្វាគមន៍ដំរីខាវ៉ាន់។ ពីអំណេះតទៅដំរីខាវ៉ាន់នឹងលែងរស់នៅក្នុងភាពឯកោទៀតហើយ។ សត្វដំរីអាស៊ីឈ្មោះខាវ៉ាន់នេះត្រូវយកទៅចិញ្ចឹមក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការបង្កាត់ពូជជាមួយដំរីក្នុងស្រុក គោលបំណងបង្កើតប្រសិទ្ធភាពក្នុងការបន្តពូជសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើងថែមទៀត ជៀសវាងការបង្កាត់ជាន់ពូជបង្កើននានាពន្ធុ (សេនេទិច) ការធន់នឹងអាកាសធាតុ និងជំងឺសម្រាប់ជំរុញក្នុងវិស័យទេសចរណ៍ធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមក្រសួងបរិស្ថាន លោកសូមថ្លែងអំណរគុណចំពោះក្រុមអ្នកអភិរក្សសត្វព្រៃអន្តរជាតិ ក៏ដូចជាអ្នកចម្រៀងដ៏ល្បី ស័រ (Cher) រួមនឹងអង្គការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា (CWS) និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំជួយជ្រោមជ្រែង ដើម្បីអាចឱ្យដំរីអាស៊ីដ៏ឯកោមួយក្បាលនេះមានសេរីភាព និងរស់នៅក្នុងព្រៃធម្មជាតិ។
លោកបានឱ្យដឹងថា ផ្ទះថ្មីរបស់ដំរីខាវ៉ាន់ នៅក្នុងប្រទេសកម្ពុជា មានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦៨កន្លែងរបស់ប្រទេសកម្ពុជា។ កម្ពុជាដែលត្រូវបានទទួលស្គាល់ដោយពិភពលោកថា សម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះប្រភេទសត្វកម្រជិតផុតពូជបំផុត ជិតផុតពូជនិងប្រភេទសត្វដែលទទួលការគំរាមកំហែង គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ី ដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជាមានប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែលកំពុងតែរស់ នៅក្នុងព្រៃនៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនោក្នុងតំបន់ជួរភ្នំក្រវ៉ាញ។ កម្ពុជា មានដំរីស្រុកប្រមាណជាង ៧០ក្បាលផងដែរ។
ជាមួយវិធានការអនុវត្តច្បាប់ដ៏តឹងរឹងរបស់សមត្ថកិច្ច និងការខិតខំប្រឹងប្រែងការពារ និងអភិរក្ស របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែគ្មាន។
តាមលោកឧកញ៉ា សុខ ហុង ប្រធានអង្គការដែនជម្រកសត្វព្រៃកម្ពុជា បានឱ្យដឹងថា តាមរយៈការបន្សាំខ្លួនបានយ៉ាងឆាប់រហ័សរបស់ដំរី ខាវ៉ាន់ នៅក្នុងទីជម្រកថ្មីនៃទឹកដីកម្ពុជា ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពនេះ យ៉ាងយូរប្រហែល៣ខែទៀត ខាវ៉ាន់ អាចនឹងត្រូវព្រលែងឱ្យរស់នៅក្រៅទ្រុង ដូចដំរីញីទាំង ៣ក្បាលផ្សេងទៀត ដើម្បីបង្កាត់ពូជ៕