(ភ្នំពេញ)៖ ក្រោយទទួលបានតួនាទីថ្មីជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍រួចមក លោក សុខ សង្វារ កូនប្រុសពៅ សម្តេចវិបុលបញ្ញា សុខ អាន បានលើកឡើងថា លោកមានអារម្មណ៍ថាមានកិត្តិយសផង ហើយក៏មានអារម្មណ៍ភ័យផង នៅពេលទទួលបានតួនាទីនេះ។
លោក សុខ សង្វារ បានលើកឡើងតាមរយ: Facebook នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា «ខ្ញុំមានកិត្តិយសដែលត្រូវបានផ្តល់តួនាទីខ្ពស់ជាងមុន ហើយក៏មានអារម្មណ៍ភ័យផងដែរ ដោយត្រូវបំពេញការងារច្រើនជាងមុន»។
ទោះជាយ៉ាងណា លោកអះអាងថា លោកនឹងយកបទពិសោធន៍ និងចំណេះដឹងរយៈពេល ៧ ឆ្នាំនៅអង្គរ ដើម្បីជួយវិស័យទេសចរណ៍កម្ពុជា ដែលកំពុងដឹកនាំដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
អនុរដ្ឋលេខាថ្មីនៃក្រសួងទេសចរណ៍ថ្មីរូបនេះ បានបង្ហាញការជឿជាក់ថា កម្ពុជានឹងមានសក្តានុពលទេសចរណ៍កាន់តែខ្លាំងក្លាបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមជម្រាបថា លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ ធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕