(ម៉ូស្គូ)៖ អគារកម្ពស់ប្រាំជាន់មួយ ត្រូវបានដួលរលំ បន្ទាប់ពីកើតមានករណី ផ្ទុះហ្គាសដ៏ខ្លាំងក្លាមួយ ស្ថិតនៅក្នុងទីក្រុង Yaroslavl ប្រទេសរុស្ស៊ី ហើយបើតាមសេចក្ដីរាយការណ៍ របស់អាជ្ញាធរបានឲ្យដឹងថា មនុស្ស ៤នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរអគារ និងមនុស្សប្រមាណជាង ២០នាក់ផ្សេងទៀត កំពុងជាប់គាំងនៅក្រោមគំនរអគារ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែកុម្ភៈ។
អាជ្ញាធរបានបញ្ជាក់ថា ករណីផ្ទុះហ្គាសដ៏ខ្លាំងនេះ បានកើតឡើងនៅម៉ោងប្រមាណជា ២ទៀបភ្លឺ (ម៉ោងក្នុងតំបន់) ដែលបណ្ដាលឲ្យ អគារចាប់ផ្ដើមបាក់ស្រុតចាប់ពីជាន់ទីមួយ រហូតដល់ជាន់ទីប្រាំ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍ពីចំនួន មនុស្សស្លាប់ ឬរបួសនោះទេ គ្រាន់តែដឹងថា មនុស្សបួននាក់ ត្រូវបានជួយសង្គ្រោះ ខណៈមនុស្សជាង ២០នាក់ទៀតកំពុងជាប់គាំង។
នៅក្នុងអគារនោះ ត្រូវបានបញ្ជាក់ថា មានមនុស្សប្រមាណជា ៥០នាក់រស់នៅ ប៉ុន្តែនៅថ្ងៃកើតហេតុ មានមនុស្សតែជាង ២០នាក់ប៉ុណ្ណោះ ស្នាក់នៅ។
ដើមហេតុដែលនាំឲ្យមានករណីផ្ទុះនេះ នៅមិនទាន់មានសេចក្ដីបញ្ជាក់ពីអាជ្ញាធរនោះទេ ប៉ុន្តែតាមការសន្និដ្ឋានជាជំហានដំបូងគឺអាចបណ្ដាលមកពីឧបករណ៍ផ្ទុកហ្គាស៕