(ភ្នំពេញ)៖ អ្នកតំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី នឹងអញ្ជើញប្រគល់ពានរង្វាន់ដល់និស្សិតជយលាភី នៃការប្រកួតពានរង្វាន់ស្នាដៃស្រាវជ្រាវ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវប្រកួតផ្តាច់ព្រ័ត្រ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារ Raffles Le Royal ។
ការប្រកួតប្រជែងស្នាដៃស្រាវជ្រាវ និស្សិតក្រោមប្រធានបទ «តើគួរធ្វើដូចម្តេចដើម្បីឲ្យទីក្រុង មួយស្អាត និងមានពណ៌បៃតង (How to make our city clean and green?)» បានចាប់ផ្តើមនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦។
សម្រាប់ការប្រកួតប្រជែងក្នុងឆ្នាំដំបូងនេះ គណៈកម្មការបានទទួលពាក្យសុំចូលរួមប្រកួតប្រជែងចំនួន១៣៥ ក្រុមមាននិស្សិតសរុបចំនួន៣៧៨ នាក់ (មកពីសាកលវិទ្យាល័យ២០)។
គណៈកម្មការបានពិនិត្យមើលពាក្យសុំប្រកួត និងធ្វើការជម្រុះយក បេក្ខជនចំនួន៣០ក្រុម ដើម្បីបណ្តុះបណ្តាលវិធីសាស្ត្រស្រាវជ្រាវ។ ការប្រកួតប្រព្រឹត្តទៅក្នុងកម្រិត Research Proposal និង Full Paper ហើយគណៈកម្មការធ្វើការជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលក្នុង នោះមានបេក្ខជនចំនួន៥ក្រុមនឹងធ្វើបទបង្ហាញស្តីពីលទ្ធផលស្រាវជ្រាវរបស់ពួកគេនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជន១ក្រុមដែលទទួលបានពិន្ទុច្រើនជាងគេ គឺជាជ័យលាភីនៃ ការប្រកួត និងស្នាដៃស្រាវជ្រាវដែលបានដាក់ប្រកួតនឹងត្រូវបោះពុម្ពផ្សព្វផ្យាយ ។ ការប្រកួតប្រជែងនេះមានការចូលរួមឧបត្ថមដោយទឹកបរិសុទ្ធ វីតាល់ និង ធនាគារ ABA។
សូមជម្រាបថា តបតាមគំនិតផ្តួចផ្តើមរបស់ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យរដ្ឋចំនួន០៤ក្នុងនោះរួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE), សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានសហការជាមួយក្រសួងពាក់ពន័្ធបាន ការប្រកួត ប្រជែងស្នាដៃស្រាវជ្រាវនិស្សិត (Student Research Competition 2015)ជាមួយប្រធានបទ «Clean and Green City» ដែលនិស្សិតទទួលជ័យលាភីនឹងត្រូវជូន ពានរង្វាន់ស្នាដៃស្រាវជ្រាវ សម្តេចតេជោ ហ៊ុន សែន (Samdech Techo Hun Sen’s Research Prize 2015)៕