(កណ្តាល)៖ រថយន្តដឹកទំនិញមួយគ្រឿង ដោយសារអ្នកបើកបរងងុយដេក ងោកមួយភាំងក៏បណ្តាលឲ្យ រថយន្តរេពេញផ្លូវជ្រុលចង្កូតទៅធ្លាក់ចូលទៅក្នុងរណ្តៅការដ្ឋានផ្លូវកំពុងសាងសង់ ក្រឡាប់ចាក់ទំនិញប្រភេទគ្រឿងជ័រ ចូលក្នុងរណ្តៅការដ្ឋាន ចំណែកអ្នកបើកបរវិញ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត៥ភ្លឺ ព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១បេ មុខសឹករងព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តល។
រថយន្តដែលធ្លាក់រណ្តៅការដ្ឋាននោះម៉ាកសាំយ៉ុង ពណ៌លឿន ពាក់ស្លាកលេខ កណ្តាល 2A-6816 អ្នកបើកបរដោយយុវជនម្នាក់ មិនបានប្រាប់ឈ្មោះនោះឡើយទេ ។ បើយោងតាមយុវជនម្នាក់ដែលជាអ្នកបើកបររថយន្តនោះ បាននិយាយថា មុនពេលកើតហេតុខ្លួនបានបើករថយន្តនេះដឹកទំនិញពីព្រំប្រទល់កម្ពុជា-វៀតណាម ដែលជាទំនិញប្រភេទគ្រឿងជ័រផលិតនៅប្រទេសវៀតណាម មានដូចជាកញ្ច្រែងឬធុងជ័រជាដើម ក្នុងគោលបំណងទៅចែកចាយលើទីផ្សារនានាក្នុងរាជធានីភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ដោយសារខ្លួនងងុយដេកពេកក៏ងោកមួយភាំង ក៏បណ្តាលឲ្យរថយន្តជ្រុលទៅធ្លាក់ រណ្តៅការដ្ឋានបែបនេះ ប៉ុន្តែរូបគេគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ និង មិនបានបង្ករបួសស្នាមដល់អ្នកដ៏ទៃនោះឡើយ។ ក្រោយពេលកើតហេតុ យុវជនម្ចាស់រថយន្ត បានហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង ។
អ្នកធ្វើដំណើរដែលឃើញហេតុការបាននិយាយថា សំណាងល្អណាស់ខណៈអ្នកបើកបរងោកមួយភាំងរហូតជ្រុលធ្លាក់ក្នុងរណ្តៅការដ្ឋានបែបនេះ ហើយគ្មានអ្នកដំណើរមក ប្រសិនបើមានម៉ូតូឡានមកដល់វិញនោះ និងជួបបញ្ហាធំជាមិនខាន ដូច្នេះអ្នកបើកបរ បើស្រវឹងឬងងុយដេក គួរសម្រាកសិនចាំស្វាងចាំទៅទៀត ដើម្បីបញ្ជៀសគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ៕