(ភ្នំពេញ)៖ លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានសាទរយ៉ាងខ្លាំងចំពោះការប្រកាសរបស់ចក្រភពអង់គ្លេស ដែលសម្រេចមិនអនុវត្តការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA លើកម្ពុជា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១តទៅ។
បើតាមលោក ស៊ាង ថៃ ការមិនអនុវត្តការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងជំរុញការរីកចម្រើនការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស ឲ្យកាន់តែមានកំណើនថែមទៀត ខណៈទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ ក្នុង១ឆ្នាំៗមានប្រមាណ១ពាន់លានដុល្លារអាមេរិក។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ «ក្នុងនាមក្រសួងពាណិជ្ជកម្ម ខ្ញុំសូមសម្តែងនូវការសាទរ ចំពោះការប្រកាសរបស់ចក្រភពអង់គ្លេស ដែលមិនអនុវត្តការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ»។
ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរសម្រាប់កម្ពុជា ក្នុងតំបន់អឺរ៉ុប។ ទំនិញដែលកម្ពុជានាំចេញ ទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត។
ទិន្នន័យដែលកត់ត្រាដោយក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស សម្រេច ១,០៥៧ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមាន ជាង៩៧៧លានដុល្លារ និងអង់គ្លេសនាំមកម្ពុជា មានជិត៨០លានដុល្លារ។
នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មថមថយបន្តិច ដោយក្នុងរយៈពេល១១ខែ ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានចំនួន ៨១៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន ៧៦៦លានដុល្លារអាមេរិក និងអង់គ្លេសនាំមកកម្ពុជាជាង៤៦លានដុល្លារ។
សូមជម្រាបថា នៅក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០, លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។
អង់គ្លេសបានសំរេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាការសំរេចចិត្តនេះ គឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជា នៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺ Covid-19៕