
ក្មេងប្រុសម្នាក់ពុលត្រីកំពតស្លាប់ ក្រោយជីតាស្ងោរជ្រក់ឲ្យហូបនៅខេត្តកោះកុង
18-12-2020 15:49
(កោះកុង)៖ ក្មេងប្រុសម្នាក់បានស្លាប់បាត់ជីវិតដោយសារជីតាស្ទូចត្រីកំពតពីសមុទ្រ ហើយស្ងោរឲ្យចៅហូបនៅពេលបាយល្ងាច។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ ខេត្តកោះកុង។
ក្មេងប្រុសរងគ្រោះមានឈ្មោះ ក្រិន អាយុ ១១ឆ្នាំ រស់នៅជាមួយជីតាខាងលើ។ ជីតាក្មេងរងគ្រោះ មានឈ្មោះ តាមិន អាយុ៦៧ មុខរបរជុសជុលសាឡុង ចំណែកឯជីដូនក្មេងឈ្មោះ យាយម៉ៅ អាយុ៦៧ឆ្នាំ ស៉ីឈ្នួលមើលកូនឲ្យគេ។ ក្មេងរងគ្រោះនេះដែរ មានម្តាយបង្កើត ឈ្មោះ ស្រី ធ្វើចំណាកស្រុកនៅប្រទេសថៃ។
ជីតាក្មេងប្រុសរងឈ្មោះ តាមិន បានឲ្យដឹងថា ដោយជីវភាពគាត់ក្រីក្រក្នុងគ្រួសារនៅពេលល្ងាច គាត់បាននាំចៅគាត់ជិះកង់ទៅស្ទូចត្រីនៅមាត់សមុទ្រព្រែកកោះប៉ោរ។ គាត់ស្ទូចបានត្រីកំពត ២ក្បាល ក៏វិលត្រឡប់មកផ្ទះវិញដើម្បីធ្វើម្ហូប។
បុរសវ័យចំណាស់បន្តថា រូបគាត់ក៏ហូបដែរ តែគាត់ហូបតែសាច់ត្រីបន្តិចទឹកបន្តិច ហើយពងត្រីគាត់ដួសឲ្យចៅគាត់ហូប ហើយនៅពេលនោះចៅគាត់មិនអីទេ គឺសុខភាពស្រួលធម្មតា។ ដល់ប្រហែល ១ម៉ោងក្រោយមក ទើបចៅគាត់ចាប់ផ្តើមក្អូតចង្អោរ ហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះតែសង្រ្គោះមិនទាន់ឡើយ៕