(បន្ទាយមានជ័យ)៖ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពដល់យោធា នៅទីលានភ្នំខ្លាកូន ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោយហ្វឹកហ្វឺនរយៈពេលចំនួន៣ថ្ងៃ។
ពិធីនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ, ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ និងសិក្ខាកាមជាច្រើននាក់ទៀត។
លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បានឲ្យដឹងថា ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ រយៈពេល៣ថ្ងៃក្នុងនោះ មានមេរៀនដូចជា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ហ្វឹកហាត់របៀបជួរទ័ព របៀបប្រើប្រាស់អាវុធ លាងអាវុធ និងបាញ់គ្រាប់ពិត មានបីកាយវិការ បាញ់ឈចំងាយ បាញ់អង្គុយចំងាយ និងបាញ់ដេកចំងាយ។
លោកបានបញ្ជាក់ទៀតថា សិក្ខាកាមទាំងអស់ត្រូវធ្វើការពង្រឹងសមត្ថភាព ក្នុងវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះ គោរពតាមបទបញ្ជារបស់គ្រូយោធាចារ្យ ឲ្យបានហ្មត់ចត់ ដើម្បីលទ្ធផលទទួលបានល្អដែលកម្លាំងសិក្ខាកាមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការរៀនសូត្របាញ់គ្រប់ពិតនេះ។
លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបញ្ជាក់ទៀតថា ការអនុវត្តជាក់ស្តែង និងទ្រឹស្តីក្នុងវគ្គបំប៉នជំនាញបាញ់គ្រាប់ពិតនេះ មានបានធ្វើយុទ្ធដំណើរហ្វឹកហាត់ ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅបណ្តោយព្រំដែនកម្ពុជា ថៃ។ ជាងនេះទៅទៀត វគ្គហ្វឹកហ្វឺននេះជាការប្តេជ្ញា និងត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តទប់ទល់ជាមួយក្រុមឧទ្ទាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប៉ុនប៉ងបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានផ្តាំផ្ញើដល់កម្លាំងសិក្ខាកាមទាំងអស់ ក្រោយពីហ្វឹកហាត់រួច ត្រូវយកចំណេះវិជ្ជានេះ ទៅអនុវត្តឲ្យចំគោលដៅដូចជាត្រៀមមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានណែនាំឲ្យយោធាទាំងអស់ត្រូវចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន ចាត់តាំងជំនាញចុះស្រាវជ្រាវ រុករកមុខសញ្ញាជនល្មើស ត្រូវអនុវត្ត បង្ការបង្រ្កាបបទល្មើសផ្សេងៗ ហើយកម្លាំងយោធា មានកាតព្វកិច្ចអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់លើរបស់ខ្លួន ដើម្បីការពារប្រជាពលរដ្ឋ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ជាដើម។
លោកសង្កត់ធ្ងន់ទៀតថា កងកម្លាំងត្រូវខិតខំយកចិត្តទុកដាក់បង្កើនកិច្ចឃ្លាំមើល ការពារសន្តិសុខ សន្តិភាពនៅច្រកព្រំដែនអន្តរជាតិ ច្រកព្រំដែនតំបន់ និងច្រករបៀងកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យទៀតផង៕