(ភ្នំពេញ)៖ ទណ្ឌិតម្នាក់ជាអតីតនាយកក្រុមហ៊ុនរ៉ុកស្ទៀលស៊ុនឡេង មានសាលក្រមនិងសាលដីកាស្ថាពរចំនួន៥ និង មានទោសសរុបចំនួន៥ឆ្នាំ៦ខែ ពីបទចេញសែកគ្មានសាច់ប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ដែលប្តឹងដោយលោក សុខ ហួត នាយកប្រតិបត្តិក្រុមហ៊ុនប្រេងឥន្ធនៈសាវីម៊ិច អាចនឹងត្រូវសាលាឧទ្ធរណ៍ កាត់ទោសតម្រឹមដោះលែងឲ្យមានសេរីភាពឡើងវិញ ។
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះបណ្តឹងស្រូបទោសរបស់ទណ្ឌិតឈ្មោះ យូ ស៊ុនឡេង ជាអតីតនាយកក្រុមហ៊ុនរ៉ុកស្ទៀលស៊ុនឡេង ដោយមានលោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក តាន់ សេណារ៉ុង ជាតំណាងមហាអយ្យការ។
នាពេលសវនាការ ជនជាប់ចោទបានស្នើឲ្យសាលាឧទ្ធរណ៍ស្រូបទោសតម្រឹមត្រឹម២ឆ្នាំ៦ខែ ដែលបច្ចុប្បន្នទណ្ឌិតរូបនេះជាប់ពន្ធនាគារចំនួន២ឆ្នាំ៧ខែជាងមកហើយ។ ការស្នើនេះទណ្ឌិតបានភ្ជាប់ជាមួយលិខិតបញ្ជាក់កិរិយាមាយាទដែលចេញដោយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ។
មិនយល់ទាស់នឹងសំណើនេះ លោក តាន់ សេណារ៉ុង បានស្នើឲ្យតុលាការសម្រេចតាមច្បាប់ ។ ក្រោយការសួរដេញដោល លោកស្រីចៅក្រម បានសម្រេចលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ។
អ្នកតាមដានសវនាការ មើលឃើញថា ទណ្ឌិតរូបនេះ អាចនឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ៕