(ភ្នំពេញ)៖ គ្រួសារអ្នករងគ្រោះដែលត្រូវគេយករូបទៅបង្កើត Facebook ក្លែងក្លាយហើយបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ អរគុណដល់សមត្ថកិច្ច ដែលខិតខំស្រាវជ្រាវ រហូតចាប់បានជនបង្ក ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោស តាមច្បាប់ ក្រោយខ្លួនរងគ្រោះប្រមាណ៤ឆ្នាំ ដោយសារជននោះ។
ប៉ុន្ដែតាមរយៈឃ្លឹបវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមគ្រួសារជនរងគ្រោះ ក៏បានបង្ហាញនូវការ សោកស្ដាយចំពោះការផ្សាយរបស់វិទ្យុអាស៉ីសេរី (RFA) ដែលខុសពីការពិត ជុំវិញការចាប់ខ្លួនជនបង្កឈ្មោះ ងិន ស៊ុយទ្រី ហៅទី ហើយត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
លោក ទ្រី សៀងហៃ ដែលតំណាងឲ្យគ្រួសាររងគ្រោះរបស់ខ្លួន បានលើកឡើងថា ធាតុពិតរូបលោក និងក្រុមគ្រួសារ បានក្លាយជាជនរងគ្រោះ ដោយសារបុគ្គលឈ្មោះ ងិន ស៊ុយទ្រី យករូបទៅបង្កើតគណនី Facebook ក្លែងក្លាយ និងបង្ហោះសារជេរប្រមាថ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរូបលោក និងគ្រួសារ។ ប៉ុន្ដែវិទ្យុអាស៉ីសេរី បានផ្សាយថា ការចាប់ខ្លួននេះជាការបំបិទសិទ្ធិនៃការបញ្ចេញមតិ និងការរិះគន់ដើម្បីស្ថាបនាទៅវិញ។
លោក ទ្រី សៀងហៃ យ៉ាងដូច្នេះថា «ខ្ញុំសូមបំភ្លឺជាមួយវិទ្យុអាស៉ីសេរី ដែលលោកបានផ្សាយថា ជនសង្ស័យដែលបានបង្កើតអាខោនរូបខ្ញុំ និងក្រុមគ្រួសារខ្ញុំនោះ ដែលខ្ញុំមានទុក្ខ៤ឆ្នាំ គឺគាត់បាននិយាយថា រឿងជនសង្ស័យដែលបានបង្កើតអាខោនក្រុមគ្រួសារខ្ញុំកន្លងមកនោះ គឺជាការបញ្ចេញមតិដើម្បីរិះគន់ ដើម្បីស្ថាបនាទៅវិញ»។
លោកបានបន្ដថា «ខ្ញុំសូមបដិសេធវិទ្យុអាស៉ីសេរីដែលគាត់បានលើកឡើងនូវហេតុផលទាំងនេះ ជាក់ស្ដែងគឺក្រុមគ្រួសារខ្ញុំបាទបានទទួលរងនូវការសោទប្រកាន់ ក៏ដូចជារងទុក្ខលំបាករយៈពេល៤ឆ្នាំ ដោយសារជនសង្ស័យបានបង្កើតអាខោន ដែលមានឈ្មោះខ្ញុំបាទ ក៏ដូចជាលោកឪពុកខ្ញុំ ជេរប្រមាថថ្នាក់ដឹកនាំ ហើយវិទ្យុអាស៉ីសេរីបាននិយាយថា យករិះគន់ដើម្បីស្ថាបនាទៅវិញ អញ្ចឹងខ្ញុំសូមបដិសេធថាមិនមែនទេ គឺក្រុមគ្រួសារខ្ញុំទទួលរងគ្រោះដោយសារជននោះ»។
ក្រុមគ្រួសាររបស់លោក ទ្រី សៀងហៃ ដែលជាជនរងគ្រោះក្នុងហេតុការណ៍ បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងស្នងការដ្ឋានគរបាលខេត្តកែប ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលបានស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនបង្កយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។
គួរជម្រាបថា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពត លោក សេង ម៉ាឡាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលឈ្មោះ ងិន ស៊ុយទ្រី ហៅទី ដាក់ពន្ធនាគារនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បុគ្គលនេះ ត្រូវបានចោទប្រកាន់ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ, ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍, ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរូបភាព និងសម្ភារអាសអាភាស។
សូមរំលឹកថា បុគ្គលដែលបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន រួចបង្ហោះជេរប្រមាថបរិហាកេរ្តិ៍ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។
របាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
បើតាមរបាយការណ៍ ជនសង្ស័យដែលកម្លាំងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួននេះ ឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាពលើគណនី Facebook ក្លែងក្លាយទាំងនោះ។
យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនារីរូបនោះ បានផ្លាស់ប្ដូរមកធ្វើការ នៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនាង មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឲ្យគេកើតចិត្តប្រច័ណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នាង ឪពុកនាង និងជាមិត្តភ័ក្ររបស់នាងជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ចេតនាដើម្បីទម្លាក់កំហុសនារីរូបនោះ ព្រមទាំងមិត្តភ័ក្រដៃគូស្នេហា និងគ្រួសាររបស់នាង។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋានជំនាញនគរបាលបច្ចេកវិទ្យា បានក្រើនរំលឹកដល់អ្នកលេងបណ្តាញសង្គម សូមប្រើប្រាស់បណ្តាញសង្គម ប្រកបដោយក្រមសីលធម៌ ជាពិសេសកុំប្រើប្រាស់បណ្តាញសង្គម ធ្វើជាទីលានបញ្ចេញកំហឹងសងសឹកស្នេហា ដែលនាំឲ្យអាប់ឱនដល់ប្រពៃណី ដ៏ផូរផង់របស់ជាតិ ហើយនិងកុំព្យាយាមប្រើប្រាស់បណ្តាញសង្គម ដើម្បីប្រព្រឹត្តបទល្មើស ព្រោះមិនអាចគេចចេញពីសំណាញ់ច្បាប់បានឡើយ៕