(កំពង់ស្ពឺ)៖ លោកតា លោកយាយ២នាក់ប្តីប្រពន្ធ និងចៅៗកំព្រា៣នាក់ ក្នុងបន្ទុករស់នៅភូមិស្វាយភ្លោះ ឃុំព្រៃក្រសាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ រំភើបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី១ខ្នង ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសពិធីប្រគល់-ទទួលផ្ទះ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះគ្រួសារលោកតា សុំ សាន អាយុ ៦៨ឆ្នាំ ពិការដៃ-ជើងម្ខាង និងលោកយាយ ជាម្តាយ ព្រមទាំងចៅៗកំព្រាទាំង៣នាក់។
ទន្ទឹមនឹងនេះ លោកស្រីបានពាំនាំព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើជូនគ្រួសារលោកតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរ ថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល «រស់នៅធម្មតាតាមបែបគន្លងថ្មី» ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងសូមថែទាំផ្ទះថ្មីនេះ ឱ្យបានល្អជាទ្រព្យសម្បត្តិតរៀងទៅ។
សូមបញ្ជាក់ថា ផ្ទះខាងលើខ្នងនេះ ប្រើពេលសាងសង់២ខែ ចំណាយថវិកា ៥,៥០០ដុល្លារ (ប្រាំពាន់ប្រាំរយដុល្លារអាមេរិក) មានទំហំ ៦ម៉ែត្រ គុណ៧ម៉ែត្រ ក្រាលការ៉ូ ដំបូលប្រក់ហ្វីប្រូ មានបន្ទប់ទឹកមួយក្នុងផ្ទះ និងរៀបឥដ្ឋចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ១០០គីឡូក្រាម, មី៥កេស, ត្រីខ៥០កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ អាវយឺត)១ឃីត, ស្បែកជើង, សម្លៀកបំពាក់, ភេសជ្ជៈទឹកឃ្មុំ១ឡូ, ទឹកត្រី១២ដប, ទឹកស៊ីអ៊ីវ១២ដប, ប្រេងឆា២ដប, អំបិល៥គីឡូ, ស្ករស៥គីឡូ, កន្ទេល៣, កាបូប៣, ឈុតគ្រឿងចានឆ្នាំង និងថវិកា១លានរៀល។
ដោយឡែក លោកយាយចាស់ៗ ដែលរស់នៅជិតខាងចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ មី ត្រីខ សារុង ក្រមា មុង ភួយ អាវយឺត និងថវិកាមួយចំនួនផងដែរ៕