(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ បានផ្តល់ជំនួយមនុស្សធម៌ ជាសម្ភារបរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២០នេះ។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តិទៅនៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល រួមជាមួយលោក PARK Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា អមដោយលោក RHO Hyun-Jun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិកូរ៉េ (KOICA)។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា នេះជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាលើកទីពីរ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ កម្ពុជា-កូរ៉េ កាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ជាពិសេស ក្នុងស្ថានភាពដ៏លំបាកនាពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាដើម្បីបន្តនិរន្តរភាពសេដ្ឋកិច្ចសង្គមនៃ ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ តែងតែជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសលោកឯកអគ្គរដ្ឋទូត លោកប្រធានអង្គការ KOICA លោកតំណាងអង្គការ KOFIH លោកស្រីតំណាង EDCF ដែលតែងតែសម្របសម្រួលសហការយ៉ាងល្អ ជាមួយក្រសួងសុខាភិបាល ក្នុងការទទួលបាននូវជំនួយហិរញ្ញប្បទាន សហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។
សូមជម្រាបថា សម្ភារបរិក្ខារវេជ្ជសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១៖ តាមរយៈ KOICA៖
* Walkthrough Booths ចំនួន ២០គ្រឿង
* Negative Pressure Carriers ចំនួន ១២គ្រឿង
២៖ តាមរយៈ KOFIH៖
* K-Walk Through Booth ចំនួន ០៥គ្រឿង
* Portable X-ray ចំនួន ២គ្រឿង
* Patient Monitoring System ចំនួន ០៣គ្រឿង
* Prevention Sterilizer ចំនួន ០៤គ្រឿង
* Test Kit ចំនួន ២៣០០០ ឃីដ
ក្នុងឱកាសនោះ ឯកអគ្គរាជទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានថ្លែងថា សាធារណរដ្ឋកូរ៉េ បាននឹងកំពុងពួតដៃជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈសកម្មភាពនានាជាច្រើនដូចជា កម្មវិធីរបស់ទីភ្នាក់ងារ KOICA ដែលមានឈ្មោះថា របៀបវារៈសម្រាប់ការសាងភាពប្រសើរឡើងវិញ ប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈកិច្ចសហប្រកបត្តិការអភិវឌ្ឍន៍ ព្រមទាំងសកម្មភាពនានាផ្សេងទៀត របស់មូលនិធិ KOFIH មូលនិធិ EDCF និង មូលនិធិសហប្រតិបត្តិការអាស៊ាន។
លោកបានបន្ថែមទៀតថា វិស័យសុខាភិបាល គឺជាសរសេរស្តម្ភមួយនៃយុត្តិសាស្រ្ត ភាពជាដៃគូរបស់សាធារណកូរ៉េប្រចាំបកម្ពុជា។ បច្ចុប្បន្ននេះ KOICA កំពុងតែអនុវត្តគម្រោងសំខាន់ៗ មួយចំនួនដូចជា៖ គម្រោងពង្រឹងគុណភាព និងលើកកម្ពស់សមធម៌សេវាសុខាភិបាល, គម្រោងកសាងសមត្ថភាព មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់កក្នុងមន្ទីរព្រះអង្គឌួង, គម្រោងពង្រឹងសុខភាពមាតានិងទារក ក្នុងតំបន់ភាគឥសាននៃកម្ពុជា, គម្រោងពង្រឹងប្រពន្ធ័សុខាភិបាល ដើម្បីបង្ការស្វែងរក និងឆ្លើយតបចំពោះជំងឺឆ្លង។
បន្ថែមទៀត មូលនិធិ KOFIH EDCF ព្រមទាំងមូលនិធិសហប្រតិបត្តិការ អាស៊ានកំពុងតែអនុវត្តគម្រោងគាំទ្រ វិស័យសុខាភិបាលនានា ជាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ៕