(ភ្នំពេញ)៖ គម្រោងធ្វើបាតុកម្មប្រឆាំងនឹងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ នៅរាជធានីភ្នំពេញ ដើម្បីឆ្លើយតបនឹងបាតុកម្មប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិកនោះ អាចនឹងត្រូវប្រកាសរំសាយ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះតែម្តង។ នេះបើតាមការបញ្ជាក់ពី លោក សាំង សុង តំណាងសម្ព័ន្ធក្រុមយុវជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។

ការលុបចោលគម្រោងធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីបាតុកម្មនៅសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន អំឡុងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅថ្ងៃ១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មិនមានលក្ខណៈធំដុំ ហើយមិនប៉ះពាល់ធ្ងន់ធ្ងរដែលត្រូវធ្វើបាតុកម្មតបតវិញនោះទេ។

លោក សាំង សុង ដែលធ្លាប់ប្រកាសប្រមូលផ្តើមមនុស្ស៥ពាន់នាក់ ធ្វើបាតុកម្ម ប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «ក្រុមការងារយើងមិនទាន់ប្រជុំគ្នាទេ ប៉ុន្តែយើងអាចដឹងខ្លះហើយថាយើងនឹងរំសាយ»។ លោកបន្ថែមថា «ឥឡូវនេះ យើងកំពុងស្ថិតនៅក្នុងការតាមដាន ហើយថ្ងៃបន្តិចយើងនឹងប្រជុំសម្រេច»។

លោក សាំង សុង បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាអ្នកគាំទ្រ ស្រលាញ់សុខសន្តិភាព ស្រឡាញ់ប្រទេស មិនចង់ឱ្យប្រទេសជាតិនេះមានភាពវឹកវរ ចលាចលអ្វីនោះទេ ហើយខ្ញុំបានតាមដានការធ្វើបាតុកម្ម នៅសហរដ្ឋអាមេរិកនោះ គឺមិនមានទម្ងន់មិនមានបន្ទុកអ្វីដាក់ដល់រាជរដ្ឋាភិបាលនោះទេ ខ្ញុំឃើញថាជនជាតិខ្មែរមានចំនួនប្រហែលជា២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមានជនជាតិថៃ ជនជាតិវៀតណាម ដែលគេតវ៉ាប្រឆាំងមេដឹកនាំគេដែរ»

Fresh News មិនអាចទំនាក់ទំនងទៅអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ទាំងពីររូបបានភ្លាមៗនៅឡើយទេ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ុន្តែបើតាមលោក អេង ឆៃអ៊ាង តំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់ នៅក្នុងគណបក្សសង្រ្គោះជាតិ បាននិយាយថា ការធ្វើបាតុកម្ម ឬមិនធ្វើបាតុកម្មនាពេលនេះជាសិទ្ធិរបស់ពួកគេ។ លោកថា «អ្វីដែលគាត់ចង់ធ្វើ ឬមិនចង់ធ្វើគឺជារឿងរបស់គាត់ទេ យើងមិនមានអ្វីជាចំណាប់អារម្មណ៍ចំពោះរឿងនេះទេ»។

កាលពីពេលថ្មីៗនេះ គណបក្សសង្រ្គោះជាតិ បានស្នើក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដើម្បីការពារថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន រួមទាំងស្នាក់ការ និងផ្ទះមេដឹកនាំរបស់ពួកគេទាំងពីររូបផងដែរ ជុំវិញគម្រោងបាតុកម្មខាងលើនេះ។

លោក សាំង សុង បាននិយាយថា ការធ្វើដូច្នេះគឺមកពីគណបក្សសង្រ្គោះជាតិ មានការខ្លាចជ្រុលហួសហេតុពេក ព្រោះតែត្រូវគេដឹងថាខ្លួនបានរៀបចំផែនការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ប្រឆាំងនឹងមេដឹកនាំស្របច្បាប់របស់កម្ពុជា ប៉ុន្តែពេលនេះផែនការនោះត្រូវបរាជ័យដោយសារតែអ្នកនៅអាមេរិកភាគច្រើនមិនគាំទ្រ៕