(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានប្រារព្ធពិធីប្រគល់-ទទួល ឧបករណ៍ និងសម្ភារបរិក្ខារអនាម័យ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid19) ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី (Australian Aid)។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយដ្ឋាននិងរដ្ឋាករកម្ពុជា និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានសាខាគយនិងរដ្ឋាករ ការិយាល័យគយនិងរដ្ឋាករពាក់ព័ន្ធ។
គម្រោងជំនួយរបស់ UNDP បានធ្វើការសិក្សាវាយតម្លៃនៅច្រកព្រំដែនសំខាន់ៗ សាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសាខាគយ និងរដ្ឋាករប្រៃសណីយ៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការចាំបាច់ ដែលរារាំងដល់លំហូរសកម្មភាពពាណិជ្ជកម្មឆ្លងដែន ក៏ដូចជាហានិភ័យដែលប៉ះពាល់ដល់មន្រ្តីគយជួរមុខប្រចាំនៅព្រំដែន ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ គម្រោងជំនួយនេះ បានចូលរួមចំណែក ដើម្បីធានានិរន្តរភាពការបើកមាត់ច្រកព្រំដែន រួមមានសកម្មភាពពាណិជ្ជកម្មឆ្លងដែន ការនាំចេញ នាំចូលទំនិញដូចប្រក្រតី និងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រោយពីបានសិក្សាវាយតម្លៃរបស់ UNDP ពីតម្រូវការឧបករណ៍ចាំបាច់សម្រាប់ប្រើប្រាស់ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) រួចមកគម្រោងនេះ ត្រូវបានសម្រេចផ្តល់ឧបករណ៍ និងសម្ភារបរិក្ខារអនាម័យមួយចំនួន ជូន អគរ រួមមាន (១). Sprayers, (២). Fumigation (portable), (៣). Infrared Thermometers, (៤). Disinfection Booths, (៥). Automatic Spraying Alcohol Sanitizer Sensor Dispenser (៦). Thermal Imaging Cameras (៧). Air Condition with Air Filter (៨). Mask - KN95, (៩). Plastic Glove, (១០). Alcohol Gel និង (១១). Disinfection chemical។
ឧបករណ៍ និងសម្ភារបរិក្ខារអនាម័យទាំងនេះ នឹងធ្វើការបែងចែកឱ្យទៅទីចាត់ការកណ្តាលរបស់ អគរ សាខាគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាគយ និងរដ្ឋាករប្រៃសណីយ៍ ការិយាល័យគយ និងរដ្ឋាករបាវិត ការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត និងការិយាល័យគយ និងរដ្ឋាករភ្នំដិន។
ក្នុងពិធីនេះ លោក Nick Beresford តំណាងនិវេសនដ្ឋាន UNDP ប្រចាំកម្ពុជា បានថ្លែងថា «ការបន្តបើកព្រំដែន សម្រាប់សកម្មភាពពាណិជ្ជកម្ម ដែលមានសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជាសកលនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង»។
បន្ថែមលើកិច្ចខិតខំប្រឹងប្រែងយ៉ាងមោះមុត ដើម្បីឆ្លើយតបនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ ការផ្តល់ឧបករណ៍ការពារខ្លួន និងសម្ភារអនាម័យ ក៏ជួយទ្រទ្រង់ដល់សមត្ថភាព ក្នុងការស្តារឡើងវិញ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងប្រទេសជិតខាង។
ទន្ទឹមនេះ លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា ជំងឺកូវីដ-១៩ បានបង្កការរំខានដល់ពាណិជ្ជកម្មពិភពលោកយ៉ាងធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខស្បៀង និងការទទួលបាននូវតម្រូវការផ្គត់ផ្គង់ចាំបាច់នានា។ បន្ថែមលើការផ្តល់នូវឧបករណ៍ចាំបាច់ទាំងនេះ រដ្ឋាភិបាលអូស្ត្រាលីក៏គាំទ្រដល់ អគរ ក្នុងការពង្រឹងនិងអនុវត្តគោលការណ៍សុខភាព និងអនាម័យនៅតាមច្រកព្រំដែនផងដែរ។
លោកសង្ឃឹមថា ការផ្តល់ជំនួយនេះ នឹងធានាឱ្យមានសុខសុវត្ថិភាព និងបើកទូលាយសម្រាប់ពាណិជ្ជកម្មឆ្លងដែន ដើម្បីជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ លោកបណ្ឌិត គុណ ញឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNDP និងរដ្ឋាភិបាលអូស្ត្រាលី ចំពោះការឧបត្ថម្ភឧបករណ៍ និងសម្ភារបរិក្ខាអនាម័យដែលមានសារៈសំខាន់ខ្លាំង និងចំស្ថានភាព ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការផ្ទុះឡើងការចម្លងមេរោគកូវីដ-១៩ នៅកម្ពុជា។
លោកក៏បានលើកឡើងថា អគរក៏បានដាក់អនុវត្តវិធានការគន្លឹះ ដែលដកស្រង់ចេញពីរបាយការណ៍របស់ UNDP និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងបន្តជំរុញកិច្ចសម្រួលពាណិជ្ជកម្មឆ្លងដែនអន្តរជាតិ៕