(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានប្រាប់ បងប្អូនខ្មែរនៅប្រទេសអូស្ត្រាលីថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងរីកចម្រើនខ្លាំងក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះប្រទេសកម្ពុជា បានរក្សានូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៧ភាគរយជារៀងរាល់ឆ្នាំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រីឧបនាយករដ្ឋមន្រ្តី បានជួបស្រស់ស្រូបអា ហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។ ពិធីស្រស់ស្រូបអា ហារសាមគ្គីនេះ ក៏មានការចូលរួមពីលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ព្រមទាំងសមាជិក សមាជិការសមាគមយុវជនកម្ពុជាប្រចាំនៅទីក្រុងស៊ីដនីផងដែរ។
ក្នុងឱកាសស្រស់ស្រូបអាហារសាមគ្គីនេះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាគមខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី ដែលបានជួយឧបត្តម្ភដល់ការព្យាបាលជំងឺភ្នែក និង ផ្តល់អង្ករជូនប្រជាពលរដ្ឋខ្មែរនៅតាមជនបទជាង ៧ម៉ឺនគ្រួសារ។
លោកស្រី មែន សំអន បានលើកបង្ហាញពីភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោមដំបូលសន្តិភាព ក្រោយការវាយប្តួលរំលំរបបអាវខ្មៅប៉ុលពតជាង ៣០ឆ្នាំកន្លងមកនេះ។ លោកស្រី បានថ្លែងដូច្នេះ «កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម្យ មណ្ឌលសុខភាព ដោយរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរវង់ប្រមាណ ៧% ក៏ដូចជា គិតគូរក្នុងការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការជាដើម។ល។»។
លោកស្រីឧបនាយករដ្ឋមន្រ្តី បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរនៅអូស្រ្តាលី កុំជឿតាមការញ៉ោះញ៉ុងរបស់ជនមួយក្តាប់តូច ដែលតែងតែរារាំង ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសម្តងហើយម្តងទៀត៕