(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង និងក្រុមការងាររបស់សហភាពសហព័ន្ធ យុជវជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបប្រជុំជាមួយលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងគណៈបញ្ជាការខេត្តទាំងអស់ ស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ ដែលនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្ម ពីសាលាខេត្តសៀមរាប ទាំងអនាម័យ សណ្តាប់ធ្លាប់ និងការរៀបចំសម្រួលការងារជាច្រើនទៀត។ លោកបន្ថែមថា ព្រឹត្តិការណ៍អង្គសង្ក្រាន្ត ជាកម្មវិធីដ៏ធំមួយរបស់ សសយក ដោយឆ្នាំនេះ កម្មវិធីមានច្រើន ដើម្បីអបអរសាទេ មហាគ្រួសារខ្មែរ ក្នុងពិធីចូលឆ្នាំថ្មី ហើយសហភាពសព័ន្ធចង់ឲ្យ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្លាយទៅជាកម្មវិធីអន្តរជាតិមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក ហ៊ុន ម៉ាន បានថ្លែងទៀតថា ពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ ដោយឡែកពិធីក្រុងពលី នឹងធ្វើឡើងនៅព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។
ជាមួយគ្នានេះ អភិបាលសៀមរាប លោក ឃឹម ប៊ុនសុង បានឯកភាពលើការស្នើសុំ ពីក្រុមការងារ សសយក ព្រមទាំងប្រគល់ទៅមន្ទីរ និង ក្រុមការងារពាក់ពន្ធ័ទាំងអស់។ ពិសេសក្រុមការងារសន្តិសុខ ត្រូវពង្រឹងផែនការនៅពេលយប់ៗផងដែរ។
សូមជម្រាបថា អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៦ នៅចំថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ទាំងមូលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ៕