Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ក្នុងក្រុងស្ទឹងត្រែង

17-12-2020 18:25

(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ស្ថិតតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង។ សកម្មភាពបានធ្វើឡើងនារសៀល ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

ការជួសជុលផ្លូវបេតុង មានប្រវែងសរុប ៨៥៦,៧ម៉ែត្រ ពីចំណុចស្ពានព្រែកពោធិ៍ ទៅស្ពានសេកុង។ ចំណែកឯ ការស្ថាបនាផ្លូវកៅស៊ូ DBST ប្រវែង ៨៣០ម៉ែត្រពីចំណុចស្ពានអូរដំណាក់ ទៅស្ពានបាចុង។

ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក ម៉ុម សារឿន បានឲ្យដឹងថា ដើមឡើយផ្លូវតាមមាត់ទន្លេទាំងនេះបានរងការខូចខាត ដោយសារទឹកជំនន់ បណ្តាលឲ្យបាក់ស្រុត ដូចនេះលោកក៏បានជំរុញឲ្យមានការជួសជុល និងស្ថាបនាឡើងវិញ ដោយលើកផ្លូវឲ្យខ្ពស់ជាងមុន ដើម្បីបង្ការកុំឲ្យមានការខូចខាតផ្លូវពេលដែលមានទឹកជំនន់កើតមានឡើង។ ពិសេសទៀតនោះ ការស្ថាបនាផ្លូវឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានងាយស្រួល ព្រមទាំងជួយលើកកម្ពស់ដល់សោភ័ណភាពក្នុងក្រុងស្ទឹងត្រែងទាំងមូល។

លោកបន្តថា ការជួសជុលដាក់ជាផ្លូវបេតុងនេះ អាចនឹងមានធ្វើឲ្យផ្លូវទាំង២ មានភាពរឹងមាំ និងយូរអង្វែងដោយមិនបង្កផលលំបាក ដល់ប្រជាពលរដ្ឋក្នុងតំបន់ធ្វើដំណើរទៀតឡើយ ជាពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ កាន់តែមានភាពងាយស្រួលច្រើនឡើងៗ ដោយមិនចាំបាច់ព្រួយបារម្ភពីផលលំបាកដូចពីមុន។

លោកអភិបាលខេត្ត បានណែនាំមន្ត្រីជំនាញ និងក្រុមការងារត្រូវយកចិត្តទុកដាក់ក្នុងការបន្តសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូ DBST ឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែងផងដែរ៕