(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ រំលឹកដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីការតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្កេតឃើញថា ប្រតិបត្តិករភាគច្រើន បានធ្វើការតភ្ជាប់ជាមួយមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) នៅពេលដែលប្រតិបត្តិករមួយចំនួនទៀត នៅមិនទាន់បានតភ្ជាប់ បើទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើក។
ក្រសួងសង្កត់ធ្ងន់ថា «ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលរដ្ឋពីវិស័យទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) សម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ ឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត»។
ក្រសួងព្រមានថា ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តទាន់ពេលវេលាកំណត់ ក្រសួងនឹងចាត់វិធានការព្យួរ និង/ឬលុបអាជ្ញាបណ្ណ ព្រមទាំងវិធានការផ្សេងទៀត ស្របតាមច្បាប់ និងបទប្បញ្ញតិ្តជាធរមាន៕