(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ គ្រោងនឹងដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទ (App) សម្រាប់បង់ពន្ធអចលនទ្រព្យ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធ។ នេះបើតាមការឲ្យដឹងពីលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
ការកម្មវិធីទូរស័ព្ទ (App) សម្រាប់បង់ពន្ធអចលនទ្រព្យនេះ នឹងអាចប្រើប្រាស់បាននៅឆ្នាំ២០២១ ខាងមុខនេះ។
ថ្លែងក្នុងកម្មវិធីពិសេស ស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាព ព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ លោក គង់ វិបុល បានបញ្ជាក់ឲ្យដឹងថា «កម្មវិធីទូរស័ព្ទ សម្រាប់បង់ពន្ធអចលនទ្រព្យ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះប្រជាពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាពជាមួយពន្ធដារ ត្រូវយកកាតអត្តសញ្ញាណទៅបង់ពន្ធនោះ អគ្គនាយកដ្ឋានពន្ធដារ និងមានសេចក្ដីណែនាំ ពីការប្រើប្រាស់កម្មវិធីទូរស័ព្ទនេះ ដើម្បីចុះឈ្មោះប្រើប្រាស់»។
លោកបានបន្ថែមថា សម្រាប់កម្មវិធីទូរស័ព្ទនេះ ពលរដ្ឋអាចគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួនបាន និងអាចមើលប្រវត្តិអចលនទ្រព្យរបស់ខ្លួនដូចជា៖ ឆ្នាំណាបានបង់ពន្ធ និងមិនបានបង់ពន្ធ ឬព័ត៌មានផ្សេងៗ គឺមាននៅក្នុងកម្មវិធីទូរស័ព្ទនេះតែម្ដង។ ប្រសិនបើពលរដ្ឋមានព័ត៌មាន ដែលត្រូវធ្វើបច្ចុប្បន្នភាព នៅក្នុងអចលនទ្រព្រនេះ ដូចជាខុសនេះ ឬខុសនោះ គឺអាចអាចកែតម្រូវនៅក្នុងកម្មវិធីលើទូរស័ព្ទដៃនេះបាន ប៉ុន្ដែប្រសិនបើកម្មវិធីទូរស័ព្ទនេះ មិនអនុញ្ញាតឲ្យកែតម្រូវ ក៏ប្រជាពលរដ្ឋបានដឹងថា ត្រូវធ្វើដូចម្ដេចបន្ដទៀតផងដែរ។
លោកបញ្ជាក់ថា កម្មវិធីទូរស័ព្ទនេះនឹងជួយគ្រប់គ្រងព័ត៌មានអចលនទ្រព្យ ដល់ម្ចាស់អចលនទ្រព្យទាំងអស់ និងជាការពង្រឹងតម្លាភាពនៃការបង់ពន្ធ ព្រមទាំងផ្ដល់លទ្ធភាពឲ្យអ្នកជាប់ពន្ធ មកបង់ពន្ធបានងាយស្រួល ដោយមិនចាំបាច់អញ្ជើញមកបង់ពន្ធដោយផ្ទាល់ តាមធនាគារ ឬតាមសាខាពន្ធដារផ្សេងៗទេ៕