(ពោធិ៍សាត់)៖ ទំនាស់ក៏ដូចជាបញ្ហាប្រឈមចំនួន ១០ករណីផ្សេងគ្នា ត្រូវបានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោះស្រាយជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅតាមលទ្ធភាពជាក់ស្តែង ក្នុងវេទិកាសាធារណៈ «សមាជ» ដែលធ្វើឡើងរវាងថ្នាក់ដឹកនាំខេត្ត ជាមួយនឹងប្រជាជន ចាប់ពីវេលាម៉ោង ៨៖៣០នាទីព្រឹក រហូតដល់ម៉ោង ១៖៣០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។
កិច្ចសម្របសម្រួល និងដំណោះស្រាយបញ្ហាខាងលើនេះ អនុវត្តន៍ឡើងតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងការរក្សាគម្លាត បាញ់អាល់កុល និងពាក់ម៉ាស់ ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, មន្ទីរជំនាញ, អាជ្ញាធរស្រុកក្រុង និងភាគីពាក់ព័ន្ធផ្សេងទៀត។
បើតាមលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការដោះស្រាយក្រៅប្រព័ន្ធតុលាការរបស់លោក ម៉ៅ ធនិន នានិច្ចជាកាល គឺស្របទៅតាមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់លទ្ធផលឱ្យគ្រប់ភាគីទាំងសង្ខាង ឈ្នះទាំងអស់គ្នា ដោយគ្មានអ្នកចាញ់។
ក្នុងយន្តការដឹកនាំខេត្តបានជាង ៦ឆ្នាំមកនេះ អភិបាលខេត្ត បានផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រមទាំងបានលើកឡើងថា «អ្នកយកដីគេ ត្រូវឱ្យគេវិញ, អ្នកជំពាក់លុយគេ ត្រូវសងគេ, បើអត់ត្រូវសុំគេ ទោះបីជាមានការលើសលោះយ៉ាងណាក្តី យើងត្រូវតែមានគំនិតចូលរួមបញ្ចប់រឿងទាំងអស់គ្មា ជាពិសេសត្រូវចងចាំថា ការយល់យោគអធ្យាស្រ័យ សន្តោសប្រណីគ្នាទៅវិញទៅមកជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ»។
លោកប្រធានការិយាល័យប្រជាពលរដ្ឋ បានបន្ថែមថា សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ចាប់តាំងពីម៉ោង ៨ ៖៣០នាទីព្រឹក រហូតដល់ម៉ោង ១៖៣០នាទីរសៀល, លោក ម៉ៅ ធនិន បានប្រើប្រាស់ និងបំពេញតួនាទី ជាអ្នកបម្រើប្រជាពលរដ្ឋ ដោយខិតខំសម្របសម្រួល និងដោះស្រាយនូវរាល់ទំនាស់ ក៏ដូចជាបញ្ហាប្រឈមដែលកើតមាន បាន១០ករណី ដែលភាគច្រើនត្រូវបានដោះស្រាយបញ្ចប់។ ក្នុងកិច្ចដំណោះស្រាយនោះ ប្រជាពលរដ្ឋខ្លះ ក៏ទទួលបានអង្ករ ក៏ដូចជាថវិកាបន្តិចបន្តួច សម្រាប់ជាទ្រនាប់ដៃ វិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។
ការខិតប្រឹងប្រែងក្នុងការដឹកនាំ និងដោះស្រាយទំនាស់របស់លោក ម៉ៅ ធនិន បើទោះបីជាក្នុងកាលៈទេសៈកូវីដ ១៩យ៉ាងណាក្តី បានធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់ពេញចិត្ត និងគាំទ្រលោកឋិតជាអភិបាលខេត្តពោធិ៍សាត់ជារៀងរហូត៕
សូមស្តាប់កិច្ចសម្ភាសន៍ផ្ទាល់របស់តំណាងប្រជាពលរដ្ឋ ដែលទទួលបានដំណោះស្រាយពីអភិបាលខេត្ត៖