(ភ្នំពេញ)៖ គ្រាដែលប្រមុខដឹកនាំប្រទេសសមាជិកអាស៊ាន កំពុងនឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ប៉ារ៉ា អូប៉ាម៉ា នៅក្នុងទីក្រុង Sunnylands រដ្ឋកាលីហ្វញ៉ា នៅខាងក្រៅបរិវេណ នៃកិច្ចប្រជុំ ក៏មានការជួបជុំធ្វើបាតុកម្មសម្តែងមតិពីប្រជាពលរដ្ឋមកពីបណ្តាប្រទេសនានា ដូចជាថៃ ឡាវ ភូមា កម្ពុជា វៀតណាម និងប្រជាពលរដ្ឋអាមេរិកផងដែរ។
ចំនួនអ្នកចូលរួមធ្វើបាតុកម្មនៅល្ងាចថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនិងព្រឹកព្រលឹមថ្ងៃទី១៦ ខែកុម្ភៈ ម៉ោងនៅកម្ពុជានេះ មិនមានសេចក្តីរាយការណ៍បង្ហាញពីចំនួនច្បាស់លាស់នោះទេ តែមានការសន្និដ្ឋានថា មានចំនួនសរុបប្រមាណ ៣០០នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរប្រមាណ ៦០នាក់ប៉ុណ្ណោះ។
យោងតាមសេចក្តីរាយការណ៍ពីតំណាងអង្គភាពព័ត៌មាន Fresh News ដែលកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែរនោះ បានឲ្យដឹងថា នៅកន្លែងធ្វើបាតុកម្ម បាននាំឲ្យមានការចាប់អារម្មណ៍ផងដែរ ពីបណ្តាញព័ត៌មាននានា បន្ទាប់ពីពួកគេឃើញពលរដ្ឋជាច្រើននាក់ ទន្ទឹមនឹងការធ្វើការតវ៉ា និងនាយករដ្ឋមន្រ្តីរបស់ពួកគេ គឺលោក ប្រាយុទ្ធ ចាន់អូចា ពួកគេបែរជាបានលើកបដាគោរពថ្លែងអំណរគុណ ដល់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតែងតែជំរុញឲ្យមានការគោរពដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ។
នៅក្នុងបដានោះ ក្រុមប្រជាពលរដ្ឋថៃ បានសរសេរថា «សូមអរគុណសម្តេច ហ៊ុន សែន ចំពោះការឧបត្ថម្ភគាំទ្រដល់ការប្រយុទ្ធ សម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ»។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមប្រជាពលរដ្ឋថៃ បានលើកសរសើរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលកំពុងវិវឌ្ឍទៅរកស្ថានភាពល្អប្រសើរ ផ្ទុះពីប្រទេសរបស់ពួកគេដំណើរលទ្ធិប្រជាធិបតេយ្យកំពុងវិវឌ្ឍថយក្រោយទៅវិញ។
ក្រុមប្រជាពលរដ្ឋថៃ នៅបានថ្លែងកោតសរសើរនាយករដ្ឋមន្រ្តីកម្ពុជាទៀតថា មិនត្រឹមតែស្រឡាញ់ប្រជាពលរដ្ឋក្នុងប្រទេសរបស់ខ្លួននោះទេ ថែមទាំងបានស្រឡាញ់ និងអាណិតអាសូរដល់ប្រជាពលរដ្ឋ នៅប្រទេសជិតខាងថែមទៀតផង៕