(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២១ខាងមុខនេះ ពន្ធដារនឹងដាក់ឲ្យដំណើរការ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមប្រព័ន្ធ Online (APP) ដើម្បីសម្រួលដល់ការបង់ពន្ធ ដែលតែងតែកកស្ទះ នៅកៀកកាលបរិច្ឆេទបិទបញ្ចប់។
ការបញ្ជាក់យ៉ាងដូចេ្នះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធីពិសេស ស្តីពីការផ្តល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។
លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំបានណែនាំ ទៅខាង IT ត្រូវអភិវឌ្ឍន៍ App មួយ សម្រាប់បង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ នៅពេលចុងទឹក [ជិតផុតថ្ងៃបញ្ចប់ការបង់ពន្ធ] ឲ្យបង់តាម App នេះ...ហើយរើសមន្ដ្រី ដើម្បីឲ្យធ្វើការដឹកជញ្ជូន សាលាកប័ត្រឲ្យទៅដល់ផ្ទះ»។
លោក គង់ វិបុល បានឲ្យដឹងទៀតថា ការបង្កើត APP នេះឡើង ក្នុងគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋ ដើម្បីឲ្យកាន់តែងាយស្រួល ក្នុងការបង់ពន្ធ ជាពិសេស ដើម្បីកាត់បន្ថយការកក់ស្ទះ ក្នុងកំឡុងពេលជិតបញ្ចប់ថ្ងៃនៃការបង់ពន្ធ។
លោក គង់ វិបុល បានគូសបញ្ជាក់ថា APP នេះ នឹងកក់ត្រាឯកសារអំពីបច្ចុប្បន្ន នៃអាសយដ្ឋាន របស់អតិថិជននីមួយៗ ហើយរាល់អ្នកដែលបើកបរ ប្រព្រឹត្ដខុសឆ្លងអ្វីមួយក៏អាចរកឃើញបានផងដែរ ដោយបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន៕