(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតមួយជូន លោក ចូ បៃដិន ដោយសម្តែងការអបអរសាទរចំពោះការជាប់ឆ្នោត ក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ លោក បៃឌិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ លោក ចូ បៃឌិន យ៉ាងដូច្នេះថា៖ «តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានកិត្តិយសដ៏ធំធេង និង សេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិកទី ៤៦»។
សម្តេចបានបន្តថា បទពិសោធដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ លោក ចូ បៃឌិន គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាម៉េរិក។
សម្តេចបានបង្ហញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកចូ បៃឌិន សហរដ្ឋអាម៉េរិកនឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេងដល់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត»។
សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោត និងរដ្ឋាភិបាលរបស់លោក សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញភារកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ក្នុង ការដឹកនាំប្រជាជាតិអាម៉េរិក។
សូមបញ្ជាក់ថា អង្គបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការហើយលើជ័យជម្នះរបស់ លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជា ប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ អង្គបោះឆ្នោតបានជួបជុំគ្នានៅតាមរដ្ឋធានីនីមួយៗ ប្រចាំរដ្ឋរបស់ពួកគេ នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយទម្លាក់សន្លឹកឆ្នោតរបស់ពួកគេគាំទ្រ លោក បៃដិន។
លោក បៃដិន ទទួលបានអង្គបោះឆ្នោត ៣០៦រូប លើស២៧០រូប ដើម្បីក្លាយជាប្រធានាធិបតី ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត ២៣២រូប ហើយអង្គបោះឆ្នោតក្នុងរដ្ឋ Swing states ដូចជា រដ្ឋ Arizona, Georgia, Michigan, Nevada, Pennsylvania និង Wisconsin សុទ្ធតែបោះឆ្នោតគាំទ្រ លោក បៃដិន និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris។
តាមរយៈការបោះឆ្នោតនេះ លោក បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយលទ្ធផលបោះឆ្នោតនៃអង្គបោះឆ្នោត នឹងត្រូវរង់ចាំ ការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង២ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពី អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន៕
ខាងក្រោមនេះជាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖