(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវមរតកវប្បធម៌នៃទីក្រុងតូក្យូ ប្រទេសជប៉ុន ធ្វើការជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃជិតរួចរាល់ជាស្ថាពរហើយ។
លោក ស៊ា សុភារុន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការ និងជាប្រធានការដ្ឋានជួសជុល បានឱ្យដឹងថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតានៃបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ពេលនេះឈានទៅដល់ការគ្រោងនឹងបញ្ចប់នៅត្រឹមចុងឆ្នាំ២០២០។
លោកបានបន្តថា ដើមឡើយ បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឫស និងដើមឈើធ្វើឲ្យគ្រឹះរំកិលចេញពីទីតាំងដើមបណ្តាលឲ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង។
រហូតមកដល់ពេលនេះ ខ្លោងទ្វារខាងកើតនៃប្រាសាទតានៃត្រូវបានជួសជុលស្ទើតែរួចរាល់ និងថ្មដំបូលត្រូវបានរៀបចំតម្លើងឡើងវិញតាមរូបរាងដើមទាំងស្រុង៕