(បាត់ដំបង)៖ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំគ្នានៅច្រកទ្វារព្រំដែនខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ទល់នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង របស់ព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ទៅលើការបន្ធូរបន្ថយច្បាប់ ស្ដីពីការគ្រប់គ្រងស្ថានការក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ច ក្នុងតំបន់ដែលមានរបៀបវារ:ដូចខាងក្រោម៖
*ទី១៖ ឱ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម ក្នុងប្រទេសថៃ
*ទី២៖ ឱ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ
*ទី៣៖ បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្នជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខ្លងឡឹក។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ ច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ព្រមទាំងក្រុមការងារទំនាក់ទំនងព្រំដែនទាំងអស់។ ចំណែកភាគីថៃ ដឹកនាំដោយអភិបាលខេត្តស្រះកែវ មេបញ្ជាការកងការពារកម្លាំងបូព៌ា នាយសេនាធិការរងសន្តិសុខផ្ទៃ ក្នុងខេត្តស្រះកែវ តំណាងក្រសួងមហាផ្ទៃ តំណាងកុងស៊ុល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែន។
លទ្ធផលប្រជុំបានឯកភាពសម្រេចលើគោលការណ៍មួយចំនួនដូចជា៖
*ទី១៖ ប្រជាពលរដ្ឋកម្ពុជា ចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសថៃ ទៅព្រឹកមកល្ងាចតែត្រូវអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ បញ្ហានេះសម្រេចលើភាគីទាំងសងខាងត្រូវពិចារណាវិធានការសុខាភិបាលជាកត្តាចាំបាច់។
*ទី២៖ ឱ្យអាជីវករខ្មែរចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿស្រុកអារញ្ញជាធម្មតាវិញ តែតម្រូវឱ្យធ្វើចត្តាឡីស័ក រយ:ពេល ១៤ថ្ងៃ ហើយអាចរស់នៅទីនោះរយៈពេល២-៣ខែ។
*ទី៣៖ បើកឱ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀម បណ្ដោះអាសន្នជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
ចំពោះបញ្ហាដែលនៅសល់ភាគីទាំងពីរ បានឯកភាពគ្នាដោះស្រាយបន្តទៀត នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃនេះភាគីទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នា និងធ្វើរបាយការណ៍រួមមួយ ដើម្បីសម្រេចរាល់ការពិភាក្សា និងដំណោះស្រាយនៅក្នុងពិធីប្រជុំក្នុងថ្ងៃនេះ៕