(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ដោយមិនបាច់ឆ្លងកាត់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយសារវិបត្តិជំងឺកូវីដ-១៩។
ក្នុងសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក ១១៤គ្រឹះស្ថានសិក្សា សូមប្រកាសគាំទ្រទាំងស្រុង និងសូមអនុវត្តឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូន
ដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដែលកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះ បេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅក្រៃលែងឥតឧបមា ចំពោះដំណោះស្រាយជាតិប្រកបដោយបញ្ញាញាណ គំនិតឆ្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹងមួយ ដោយសម្រេចឲ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស៕