(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញសេចក្ដីជូនដំណឹងបន្ថែម អំពីទិដ្ឋភាពពាក់ព័ន្ធផ្សេងៗ សម្រាប់សិស្សថ្នាក់ទី១២ ក្រោយសម្រេចជាផ្លូវការឲ្យជាប់ដោយស្វ័យប្រវត្តិ មិនបាច់ឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានសម្រេចឲ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស។ ការសម្រេចនេះ ព្រោះតែកម្ពុជាកំពុងប្រឈមជាមួយវិបត្តិជំងឺកូវីដ-១៩។
ទន្ទឹមនឹងការសម្រេចបែបនេះ ក៏មានការលើកឡើងនូវទស្សនៈ និងការយល់ឃើញផ្សេងៗ ពីគ្នាផងដែរ បើទោះបីមតិជាច្រើនបង្ហាញពីការគាំទ្រ ប៉ុន្ដែសម្រាប់សិស្សានុសិស្ស ដែលចង់បង្ហាញសមត្ថភាពរបស់ពួកគេ ព្រួយបារម្ភពីការមិនទទួលបាននិទ្ទេសល្អ ដែលកើតចេញពីការប្រឡង។
ពួកគេយល់ឃើញថា ការកំណត់និទ្ទេសជារឿងសំខាន់ ដើម្បីទទួលបានអាហារូបករណ៍នៅថ្នាក់ឧត្តមសិក្សា និងអាហារូបករណ៍ សម្រាប់ទៅសិក្សានៅក្រៅប្រទេសជាដើម។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ជាមួយបណ្ដាញព័ត៌មាន Fresh News លោក រស់ សុវាចា បានអះអាងថា ក្រសួងអប់រំ នឹងចេញសេចក្ដីជូនដំណឹងជាផ្លូវការ ដើម្បីបញ្ជាក់លម្អិត និងបង្ហាញពីទិដ្ឋភាពពាក់ព័ន្ធផ្សេងជូនសិស្សានុសិស្ស អាណាព្យាបាល និងមហាជនឲ្យបានច្បាស់នៅពេលក្រោយជាបន្ដបន្ទាប់។
លោក រស់ សុវាចា បានថ្លែងយ៉ាងដូច្នេះថា «យោងស្មារតីសេចក្តីជូនដំណឹងលេខ៨៣ អយក.សជណ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបជូនដំណឹងបន្ថែមស្តីពីទិដ្ឋភាពពាក់ព័ន្ធ ក្នុងពេលឆាប់ៗនេះ»។
ចំពោះសំណួរដែលតែងចោទសួរថា ការសម្រេចឲ្យជាប់ដោយមិនឆ្លងកាត់ការប្រឡងនេះ តើបេក្ខជនស្វៃរិនក្រសួងគិតយ៉ាងណាដែរ? អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ច្បាស់ៗថា ការជាប់ជាស្ថាពរចំពោះបេក្ខជនទាំងអស់ មានន័យថា រួមទាំងបេក្ខជនស្វៃរិន បំពេញវិជ្ជា និងស្វៃរិនបំពេញវិជ្ជា ដែលបានចុះឈ្មោះប្រឡង ឆ្នាំសិក្សា២០១៩-២០២០។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏សូមអបអរសាទអ្នកជាប់បាក់ឌុប និងឌីប្លូមទាំងអស់ ហើយការជាប់បាក់ឌុបស្វ័យប្រវត្តិនេះ ជាការចាប់ផ្តើមថ្មីមួយ ក្នុងជីវិតរបស់សិស្សានុសិស្ស មិនមែនជាទីបញ្ចប់ទេ។ ដូច្នេះសូមចាំថា ការសិក្សាមានពេញមួយជីវិត ហើយសិស្សថ្នាក់ទី១២ អាចត្រៀមខ្លួនរៀនកម្រិតឧត្តមសិក្សា ឬរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមឧប្បនិស្ស័យ និងគោលបំណងជីវិតរៀងៗខ្លួន។ ចំណែកការជាប់ឌីប្លូម សូមត្រៀមចូលរៀនថ្នាក់ទី១០បន្ដទៀត។
លោក រស់ សុវាចា ក៏សូមសម្ដែងនូវកត្តញ្ញូតាធម៌ជូនលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សក្នុងបរិបទកូវីដ-១៩ តាមអនឡាញផង ក្នុងថ្នាក់ផង ប្រើប្រាស់ក្រដាសកិច្ចការជំនួយ និងសៀវភៅសិក្សាគោលផង។ លោកក៏ថ្លែងអំណរគុណមាតាបិតា ដែលបានជួយបង្រៀនកូនតាមអនឡាញ ជាពិសេសមាតាបិតា ដែលមានកូនតូចៗ ដែលតម្រូវឲ្យមានការជួយបង្រៀន បន្ថែមពីសំណាក់មាតាបិតា។
បន្ថែមពីនេះ ក្រសួងអប់រំ សូមថ្លែងអំណរគុណបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអរគុណដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដែលបាននិងបន្តអនុវត្តតាមគោលការប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងសូមគ្រប់ភាគីពាក់ព័ន្ធបន្តអនុវត្តវិធានការសុវត្ថិភាពសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។
បេក្ខជនចំណេះទូទៅ ចំនួន១០១,៩៦៦នាក់, បេក្ខជនស្វៃរិន ១៣,៩៨១នាក់, បេក្ខជនបំពេញវិជ្ជា ៣,២៤៦នាក់ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ១,៩១៥នាក់។ ដោយឡែក ចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕