(ពោធិ៍សាត់)៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសនេសាទដ៏ធំមួយនៅលើផ្ទៃទឹកបឹងទន្លេសាប ដោយរឹបអូសបាន របាំងសាច់អួន (បរ) ចំនួន ១២ខ្សែ ស្មើនឹងប្រវែងចំនួន ៥,៧៥០ម៉ែត្រ, ក្បាលបរចំនួន ២៤គ្រឿង, បង្គោលចម្រឹងចំនួន ៩,៥០០ដើម និងចាក់ព្រលែងត្រីចម្រុះចូលបឹងទន្លេសាបវិញចំនួន ២៧៥គីឡូក្រាម បន្ទាប់ពីរឹបអូសបាន។
ការបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ នៅត្រង់ចំណុចព្រែកកន្ត្រោស កោះអង្គុំខ្សាច់ ទឹកពុះ ព្រែកកី កោះកប៉ាល់ បឹងក្រសារ និងបឹងកន្សោមពោ ស្ថិតនៅភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្រោយពីបង្ក្រាបបានសមត្ថកិច្ចបានធ្វើការកម្ទេចចោលនូវឧបករណ៍ខុសច្បាប់ទាំងនោះ។
សូមបញ្ជាក់ថា ករណីចុះបង្ក្រាបបទល្មើសនេសាទនេះ ដោយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដែលទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ស ថេងស្នងការនគរបាលខេត្តពោធិ៍សាត់ រួមនឹងមន្រ្តីរដ្ឋបាលជលផលខេត្ត មន្រ្តីយោធា រួមនឹងមេភូមិផងដែរ៕