(កណ្តាល)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា លោកនឹងចេញដីកាបញ្ជាឲ្យចាប់ខ្លួនជនល្មើស ពាក់ព័ន្ធករណីកាប់ប្រហារ នៅស្រុកលើកដែក ខេត្តកណ្តាល ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ នៅប្រទេសវៀតណាម។
លោក លឹម សុគន្ថា បានបញ្ជាក់ថា «ករណីនេះជាអំពើប៉ុនប៉ងមនុស្សឃាត ហើយខ្ញុំពិនិត្យឃើញជាករណីធ្ងន់ធ្ងរ និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ជាខ្លាំង។ ដូច្នេះសូមធ្វើរបាយការណ៍មកខ្ញុំ នឹងសុំដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីអនុវត្តនីតិវិធីចំពោះជនសង្ស័យ»។
លោកបានបញ្ជាក់ថា យើងត្រូវតែតាមចាប់ជនល្មើសរូបនេះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ និងដើម្បីឲ្យជនរងគ្រោះ ព្រមជាមួយក្រុមគ្រួសារ ទទួលបានយុត្តិធម៌ ក៏ដូចជាស្ងប់អារម្មណ៍ ចំពោះបទឧក្រិដ្ឋមួយនេះ។
សូមបញ្ជាក់ថា បុរសម្នាក់រងរបួសធ្ងន់ ដោយសារតែជនសង្ស័យកាប់នឹងកាំបិតផ្កាក់ ចំនួន៥កាំបិត។ ជនរងគ្រោះរងរបួស ចំកញ្ចឹង-ក ចំស្មាទាំងសងខាង និងចំភ្លៅទាំងសងខាង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៣៖១០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធី ប៊ុនថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកសិករ មានទីលំនៅបន្ចុប្បន្នភូមិ-ឃុំ កើតហេតុខាងលើ។ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចអះអាងថា ឈ្មោះ ប៉ុង ពុំ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើដូចគ្នា។
សមត្ថកិច្ចបានអះអាងឲ្យថា ហេតុការណ៍កាប់ប្រហារបណ្ដាលឲ្យ ជនរងគ្រោះរងរបួសធ្ងន់នេះ កើតឡើងដោយសាររឿងគំនុំ។ នៅមុនពេលជនរងគ្រោះ បានរៀបការជាមួយប្រពន្ធនោះ គឺក្រុមគ្រួសាររបស់ជនសង្ស័យ បានចូលស្តីដណ្តឹងមុនមកឲ្យជនសង្ស័យ តែត្រូវបានផ្តាច់ពាក្យវិញ ក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមករៀបការជាប្តីប្រពន្ធ ជាមួយជនរងគ្រោះវិញ។
គួរបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពហើយភ្លាម ជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះ ដោយសារររងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប្រទេសវៀតណាម។ យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕