(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ភូល បាតា (Paul Barta) នាយការិយាល័យអនុព័ន្ធយោធាអូស្រ្តាលី ប្រចាំកម្ពុជាដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា។
ក្នុងជំនួបដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន លោកវរសេនីយ៍ឯក ភូល បាតា បានជម្រាបជូននាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ អំពីសកម្មភាពការងាររយៈពេល ៣ឆ្នាំ នៅកម្ពុជា ដែលផ្តោតជាសំខាន់លើការជួយហ្វឹកហ្វឺន បណ្តុះបណ្តាលភាសាអង់គ្លេស កិច្ចសហការជួសជុលគ្រឿងម៉ាស៊ីនរបស់កងទ័ពជើងទឹក និងការរៀបចំតាក់តែងសៀវភៅសការពារជាតិ។
លោកវរសេនីយ៍ឯក ភូល បាតា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការគាំទ្រ និង កិច្ចសហការលើគ្រប់ផ្នែក ធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។
ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីកិច្ចទំនាក់ទំនងល្អរវាងកម្ពុជា-អូស្ត្រាលី ដែលកើតមានតាំងពីឆ្នាំ១៩៥២ ហើយជាបន្តបន្ទាប់ប្រទេសទាំងពីរតែងបានចូលរួមជួយគ្នាទាំងលើក្របខណ្ឌអន្តរជាតិ ទាំងក្នុងក្របខណ្ឌអាស៊ាន ជាពិសេសកម្ពុជា-អូស្ត្រាលី មានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និង កងទ័ពអូស្ត្រាលី ដែលបានចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិ ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងនោះក្រោយបញ្ចប់សង្រ្គាមឆ្នាំ១៩៩២ អូស្ត្រាលីបានជួយជ្រោមជ្រែងលើច្រើនវិស័យ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល កសិកម្ម មីន អភិបាលកិច្ចល្អ ។ ល។ ហើយថ្មីៗនេះបានផ្តល់ជាអំណោយមនុស្សធម៌ជួយដល់ ជនរងគ្រោះដោយសារគ្រោះទឹកជំនន់ និងការផ្តល់ហិរញ្ញប្បទានឥតសំណងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំសម្រាប់ជួយស្តារសេដ្ឋកិច្ច-សង្គមកម្ពុជា។
ពាក់ព័ន្ធលើវិស័យយោធា នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ គូសបញ្ជាក់ពីកិច្ចសហការល្អរវាងកងទ័ពប្រទេសទាំងពីរ ក្នុងនោះកត្តាសំខាន់គឺការផ្លាស់ប្តូរពត៌មានបង្រ្កាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជួយបណ្តុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ការជួយរៀបចំសៀវភៅសការពារជាតិ ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ច និងការធ្វើសមយុទ្ធរួមគ្នាជាដើម។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ទៅថ្ងៃអនាគត អូស្ត្រាលីនៅតែជាមិត្តរបស់កម្ពុជា និង បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយូរអង្វែង៕